ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានបង្កើតគណៈកម្មការចុះត្រួតពិនិត្យទីតាំងសណ្ឋាគារមួយកន្លែងយីហោ(G 11)ខណៈដែលបុរសជនជាតិអង់គ្លេសម្នាក់ បានប្រើប្រាស់គ្រឿងញៀនហួសកម្រិត រហូតគាំងបេះស្លាប់ នៅក្នុងបន្ទប់បង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារ(G 11) បន្ទប់លេខ១២៧ ជាន់ទី១ ផ្ទះលេខ១១ ផ្លូវលេខ១៨៤ ក្រុម៣៩ ភូមិ៩ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាកសពជនបរទេសនោះឈ្មោះPHILLIP IAN OLIVER ជនជាតិអង់គ្លេស (ENGLAND) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ៥១៣៨៩១៣៣៣ ស្នាក់នៅបណ្ដុះអាសន្នសណ្ឋាគារកើតហេតុ ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលជំនាញខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសល្យវិច័យរាជធានី ដើម្បីបង្កើត គណៈកម្មការធ្វើការត្រួតពិនិត្យកោសល្យវិច័យសព ។
ក្រោយប្រតិបត្តិការត្រួតពិនិត្យរួច ជាលទ្ធផលរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និង ការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង (បណ្ដាយមកពីប្រើប្រាស់ធាតុញៀនប្រភេទមេតំហ្វេតាមីន និងម៉ក់ហ្វីន)។
ដោយឡែកនៅកន្លែងកើតហេតុមានសម្ភារៈសពបន្សល់ទុករួមមាន ៖ លិខិតឆ្លងដែនចំនួន០១ក្បាល លេខ៥១៣៨៩១៣៣៣ ទូរស័ព្ទដៃចំនួន០១គ្រឿងនាឡិកាដៃម៉ាករ៉ូលិក(Rolex) ០១គ្រឿង ខ្សែកធ្វើពីជ័រចំនួន០១ ខ្សែកាតធនាគារ(ATM) ចំនួន០១សន្លឹក និងកាបូបស្ពាយចំនួន០១ និងខោអាវមួយចំនួនបានប្រគល់ឲ្យ ការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរក្សាទុក។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបច្ចេកទេសបានដឹកសាកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ ស រស្មី