ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែ មេការ ឌីជេ និង បុគ្គលិក ជាច្រើននាក់ ហាងបារាំងយីហោ”ខេន ឌី បារ” ព្រួតវាយស្រ្តីខ្មែរ២នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី២នាក់ បានដាក់ពាក្យបណ្តឹងមកលោកវរសេនីយ៍​​ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ដើម្បីជួយធ្វើអន្តរាគមន៍ចាប់ខ្លួនក្រុមជនដៃដល់និងបក្ខពួក យកមកផ្តន្ទាទោសតាមច្បាប់ ខណៈដែលរូបនាងទាំង២ បានរងនូវអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃពីសំណាក់ ថៅកែ មេកា ឌីជេ និង បុគ្គលិក ជាច្រើននាក់ នៃហាងផឹកស៊ីឈ្មោះ “ខេន ឌី បារ”នេះ ស្ថិតនៅផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នារីរងគ្រោះទាំង២នាក់ខាងលើនេះទី១ ឈ្មោះ លី ណាឆេង  អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ភ្នំពេញ និងទី២ ឈ្មោះ មាំ ស្រីអូន អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ភ្នំពេញ។ ដោយពួកគេទាំង២នាក់ បានប្តឹងថៅកែ ឌីជេ មេកា និងបុគ្គលិកបម្រើការងារក្នុងបារ ខេនឌីបារ ពីបទប្រើអំពើហិង្សា បណ្តាលឲ្យប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរ ពកក្បាលថ្ងាស ជាំដៃ ដាំជើង ជាំភ្លៅស្ទើរដើរមិនរួច ជាំខ្នង គ្រាំគ្រា និង ឈឺពេញខ្លួនប្រាណ ។

ដោយឡែកពាក់ព័ន្ធខាងលើនេះ លោកវរសេនីយ៍​​ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានប្រាប់ភ្នាក់ងារកាសែតនគរវត្តតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះថា លោកកំពុងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍មូលដ្ឋាន ដែលជាកន្លែងកើតហេតុ ដើម្បីឲ្យមន្រ្តីជំនាញធ្វើការសាកសួរតាមនីតិវិធី នឹងស៊ើបអង្កេតអង្គហេតុឲ្យបានច្បាស់លាស់សិន ហើយបើសិនជាករណីហិង្សាខាងលើនេះ មានពិតប្រាកដមែនលោកនឹងមានវិធានការទៅលើជនដៃដល់ទាំងនោះចំពោះមុខច្បាប់ ។

បើតាមប្រភពព័ត៍មានពីនារីរងគ្រោះទាំង២នាក់ បានឲ្យដឹងថា កាលពីវេលាម៉ោង១០យប់ ថ្ងៃ២៦ ខែតុលា ឆ្នាំ២០១៩ ពួកគេបាននាំគ្នាចូលទៅផឹកស៊ីកម្សាន្តលេងក្នុងបារបារាំងយីហោ “ខេនឌីបារ”ខាងលើនេះ ចំនួន២ដង គឺលើកទី១ បានចូលទៅអង្គុយសាឡុងហើយហៅស្រាបៀផឹកអស់២កែវ ស្រាប់តែមេការមកប្រាប់ថា កន្លែងដែលកំពុងអង្គុយនេះទុកឲ្យភ្ញៀវបរទេស ហើយបានដេញអ្នកទាំងពីរនាក់ទៅអង្គុយតុក្បែរនោះវិញ ពេលនោះនារីរងគ្រោះក៏ដើរចេញ តាមការប្រាប់របស់បុគ្គលិក ។

ប្រភពដដែលបន្តថា ខណៈដែលពួកគេបានចេញមកក្រៅបារនោះ ក៏បានជួបមិត្តភក្តិម្នាក់ទៀត ហើយគាត់ក៏បបួលពួកគេទាំង២នាក់(ជនរងគ្រោះ) ចូលទៅផឹកក្នុងបារនោះម្តងទៀត ។ លុះដល់វេលាម៉ោងប្រមាណ១១យប់ថ្ងៃដដែល ជាលើកទី២ ដែលពួកនាងទៅអង្គុយលើសាឡុងដដែល ហើយបានកាម៉ង់ស្រាបៀរផឹកម្តងទៀត ស្រាប់តែមួយសន្ទុះក្រោយមក មេការបារនោះបានមកប្រាប់ថា បារនេះមិនទទួលភ្ញៀវខ្មែរទេ រួចពួកគេសួររកហេតុផល ស្រាប់តែបុគ្គលិកម្នាក់ជា ឌីជេ បានមកចាប់ដៃពួកនាងអូសចេញក្រៅបារ ។ ភ្លាមនោះពួកនាងក៏ប្រឡះដៃ បុរសជាឌីជេនោះចេញ ធ្វើឲ្យឌីជេនោះខឹង បានចាប់ក្បាល អុកជាមួយតុធ្វើឲ្យពកក្បាលនិងឈឺជាខ្លាំង រួចឌីជេនិងមេការ ក៏បន្តចាប់អូស ចេញមកដល់ខាងក្រៅបារ ស្រាប់តែ ថៅកែ មេកា ឌីជេ និងបុគ្គលិកធ្វើការទីនោះជាច្រើននាក់ បានត្រួតគ្នាវៃមកលើជនរងគ្រោះដោយប្រើដៃផង ប្រើដងបុកប៊ីយ៉ែរផង កៅអីនិងចាក់ស្រាលើពួកគេ រួចយកកែវស្រានោះវាយ ធ្វើឲ្យប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ ពកក្បាល ថ្ងាស ជៃដៃ ដាំជើង ជាំភ្លៅស្ទើរដើរមិនរួច ជាំខ្នងគ្រាំគ្រានិង ឈឺពេញខ្លួនប្រាណតែម្តង ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានមិត្តភក្តិស្គាល់គ្នាបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ លុះនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីស្នើសុំ សមត្ថកិច្ចជំនាញ មេត្តាជួយចាប់ឃាត់ខ្លួនជនល្មើសពាក់ព័ន្ធទាំងអស់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ និង ទាមទារសំណងជំងឺចិត្ត និងថ្លៃព្យាបាលខ្លួន ចំនួន១មួយម៉ឺនដុល្លារអាមេរិកផងដែរ ៕ ស តារា


ចែករំលែក៖