ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលត្រូវបានតំណាងអយ្យការ ចោទពីបទ « ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស » តែត្រូវបានលោកចៅក្រម នៃសាលាដំបូងខេត្តបាត់ដំបង ធ្វើការសម្រេចមិនឃុំខ្លួន ព្រមទាំងបានដោះលែងឲ្យមានសេរីភាពទៅវិញ បន្ទាប់ពីជនសង្ស័យរូបនេះ បានរត់គេចខ្លួនអស់រយៈពេលរាប់ខែ មិនព្រមចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចជាច្រើនលើកច្រើនសារួចមក។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស្រ៊ុន ពេជ្រសំណាង ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅក្រុងបាត់ដំបង បានអះអាងនៅចំពោះមុខសមត្ថកិច្ចថា កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤ និង ៣០ នាទី ល្ងាច ខ្លួនបានបើករថយន្តចូលទៅរកញុំាអីនៅកន្លែង ខួរចំហុយ មួយកន្លែង ក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពាក្យ បណ្តឹងបានបន្តថា នៅពេលនោះស្រាប់តែមានឈ្មោះ ផាត់ ជីងថង ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជាមួយនឹងគូកន បានបើករថយន្តមកក្បែរ ហើយបានចុះមកវាយ លើខ្លួន បណ្តាលឲ្យរងរបួសយ៉ាងដំណំ ទើបខ្លួនបានប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង ។ស្របពេលដែលសមត្ថកិច្ចចុះទៅដល់ ក៏ឃើញឈ្មោះ សំ ចន្ថា ដែលត្រូវជាឪពុករបស់ជនបង្កនោះ បានមកដល់ដែរ ដើម្បីសម្របសម្រួល។
តាមការលើកឡើងពីសមត្ថកិច្ចបានអោយដឹងថា ក្រោយពេលឃាត់ខ្លួនគឺឪពុកបានធានាថា និងអោយកូនរបស់ខ្លួនចូលទៅដោះស្រាយ ហើយក៏សុំឲ្យកូនជា អ្នកកាន់ចង្កូត ដើម្បីបើកទៅកាន់ស្នងការ ដោយគ្រាន់តែអោយសមត្ថកិច្ចជិះតាមរថយន្តតែម្នាក់បានហើយ ឯឪពុកក៏ទៅតាមដែរ ដើម្បីចូលខ្លួនទៅសម្របសម្រួល។ ផ្ទុយទៅវិញគេមិនបានបើករថយន្តឆ្ពោះទៅកាន់ស្នងការដ្ឋានឡើយ ដោយគេបានបើកទៅផ្ទះរបស់គេទៅវិញ ហើយបានដេញឲ្យសមត្ថកិច្ចម្នាក់នោះ ចុះពីរថយន្តជាបន្ទាន់ រួចជនបង្កក៏បានបើករថយន្តគេចខ្លួនបាត់តែម្តង។
ចាប់តាំងពីពេលនោះមក សមត្ថកិច្ចជំនាញបានចេញដីកាកោះហៅឲ្យចូលខ្លួនចំនួន២ លើក តែជនបង្កនៅតែមិនព្រមបង្ហាញខ្លួន ទើបសមត្ថកិច្ចជំនាញបានបញ្ជូនរឿងនេះមកតំណាងអយ្យការ ដើម្បីអនុវត្តបន្ត។
ទីបំផុតអយ្យការ បានចេញដីកាបញ្ជាឱ្យចូលខ្លួនលេខ ៤៧.២០១៩ ចុះថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៩ របស់ព្រះរាជអាជ្ញា នួន សាន អយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ បញ្ជាលើឈ្មោះ ផាត់ ជីងថង ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ក្រុមទី ២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីសាកសួរពីដំណើររឿង(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស)។
បន្ទាប់ពីទទួលបានដីកានេះរួចមក កម្លាំង ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំដោយលោកវរសេនីយ៍ត្រី កង សុផាណ្ណា នាយរងការិយាល័យ បានតាមប្រមាញ់អស់រយៈពេលយ៉ាងយូរ ទើបបានប្រទះឃើញមុខសញ្ញានេះនៅតាមដងផ្លូវ ដោយនៅពេលនោះដែរកម្លាំងបានចុះទៅដើម្បីអនុវត្តដីកា ប៉ុន្តែគ្រាន់តែឃើញសមត្ថកិច្ចភ្លាម ជនសង្ស័យបានបើករថយន្តគេចខ្លួន ចូលទៅសំងំលាក់ ខ្លួន នៅកន្លែង លាងរថយន្ត យីហោ ហេង ហេង ក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង នាថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ២ និង ៣០ នាទី រសៀល ទើបសមត្ថកិច្ច ក៏បានឃាត់ខ្លួនបញ្ជូនទៅតំណាងអយ្យការតែម្តង។
លុះមកដឡ់ថ្ងៃទី ២៦ ខែ ឆ្នាំ ដដែល ជនសង្ស័យត្រូវបានបញ្ជូនដល់ដៃលោក ញាណ សុវណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ប៉ុន្តែការសាកសួររបស់លោកចៅក្រមបានប្រហែល ២ ម៉ោង ប៉ុណ្ណោះជនសង្ស័យត្រូវបានដោះលែងឲ្យមានសេរីភាព និងវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយលោកចៅក្រមសម្រេចមិនឃុំខ្លួន។ ចំណែកជនរងគ្រោះបានបញ្ជាក់ថា ចាប់តាំងពីការចាប់ខ្លួនជនបង្ក រហូតដល់ការដោះលែងឲ្យមានសេរីភាពឡើងវិញរបស់លោកចៅក្រម គឺគេនៅមិនទាន់បានទទួលសំណងរដ្ឋប្បវេណី ១ ដុល្លារនៅឡើយ។ ដោយឡែកចំពោះសមត្ថកិច្ចមួយចំនួនក៏បានត្អូញត្អែរថា ការខិតខំប្រឹងប្រែងតាមចាប់មុខសញ្ញាដែលតុលាការបានសម្រេចចេញដីកា គឺមានការលំបាកខ្លាំង ប៉ុន្តែនៅពេលមកដល់ដៃលោកចៅក្រមបែរជាត្រូវបានដោះលែងយ៉ាងងាយបែបនេះទៅវិញ។
ជុំវិញការដោះលែងជនប្រព្រឹត្តបទល្មើសនេះដែរ លោកព្រះរាជអាជ្ញា នួន សាន បានប្ញជាក់ថា រហូតមកទល់នឹងពេលនេះ លោកមិនទាន់បានទទួលដំណឹង ឬដីកាសម្រេចណាមួយនៅឡើយទេ៕ ប្រាថ្នា