ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូជែងរថយន្តកុងតឺន័រ២គ្រឿងមិនផុតបណ្តាលឲ្យវ៉ាក់អឺរចាប់ហ្រ្វាំងបោកដួលខ្ទាតមនុស្សចូលរថយន្តកុងតឺន័រខាងមុខរងរបួសធ្ងន់ ចំណែកម៉ូតូខ្ទាតទៅក្រោយត្រូវរថយន្តកុងតឺន័រមួយគ្រឿងទៀតកិនជាប់នៅក្រោមកង់រថយន្ត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ថ្ងៃច័ន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខផ្សារជម្ពូវ័ន្ត ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ប៊ូ ភារម្ប ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងបុរីសែនមនោរម្យ។
យោងតាមសម្ដីប្រជាពលរដ្ឋម្នាក់ដែល បានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DE.1749 ជិះតែម្នាក់ឯង ធ្វេីដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងរថយន្តកុងតឺន័រ 2 គ្រឿងដោយមួយគ្រឿងពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3E.5343 និងមួយគ្រឿងទៀតពណ៌ស ពាក់ស្លាក លេខភ្នំពេញ3A.2766 ដោយវ៉ាខាងស្ដាំមិនប្រយ័ត្នក៏ចាប់ហ្វាំងបោកដួលខ្ទាតចូលរថយន្តកុងតឺន័រកិនដាច់ដៃឆ្វេងម្ខាង និងម៉ូតូខ្ទាតទៅខាងក្រោយត្រូវបានរថយន្តកុងតឺន័រមួយគ្រឿងទៀតបើកកិនជាប់នៅក្រោមរថយន្តតែម្ដង ។
សូមបញ្ជាក់ផងដែរ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺរថយន្ដទាំងពីរគ្រឿងបើកតាមបណ្ដោយផ្លូវជាតិលេខ ៤ ពីកើតមកលិចស្របទិសគ្នាដោយបើកបរឃ្លាតពីគ្នាចំងាយប្រហែល 3 ម៉ែត្រតែប៉ុណ្ណោះដែលធ្វើឲ្យយុវជនម្នាក់នេះបានរងរបួសដាច់ដៃឆ្វេងម្ខាង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកតែកុងរថយន្តទាំង ២គ្រឿងបានបើកទ្វាររត់ចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្ត ២គ្រឿងនៅកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយក៏បានទំនាក់ទំនងទៅជំនាញ ចរាចរណ៏ក្រុងមកវាស់វែងយករថយន្តទាំង 2គ្រឿងនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សុខាសែនជ័យ