ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចម្រៀងខ្មែរសុរិន និងក្រុមកំប្លែងនាយក្រូចធ្វើឲ្យកក្រើកកឋិនវត្តលក្ខរាជាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមកំប្លែងរបស់នាយក្រូច និងក្រុមតារាចម្រៀងក្នុងស្រុក និងមកពីខេត្តសុរិនប្រទេសថៃ បានបង្កើតទស្សនីយភាពសិល្បៈមួយដ៏គួរឲ្យចាប់អារម្មណ៍។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីរាត្រីថ្ងៃទី២៩ខែតុលាឆ្នាំ២០១៩ ក្នុងកម្មវិធីបុណ្យកឋិននទានមួយនាវត្តលក្ខរាជា ស្រុករំដួលខេត្តស្វាយរៀង។

តារាចម្រៀងខ្មែរសុរិន្ទម្ចាស់បទ”ចាក់អន្ទង់” លោក ដាកា និងម្ចាស់បទ”ឃ្លានស៊ីចេក”អ្នកនាងមន្តត្រា បានធ្វើដំណើរស្ទើរតែមួយពាន់គីឡូម៉ែត្រ ដើម្បីចូលរួមច្រៀងរាំ និងបង្កើតការកម្សាន្តប្លែកសម្រាប់កម្មវិធីបុណ្យកឋិនទានដែលដឹកនាំនិងអញ្ជើញដោយព្រះតេជគុណ យឹម សារិន ព្រះចៅអធិការវត្តលក្ខណ៍រាជា។

តារាចម្រៀងទាំងពីររូបបានបញ្ចេញបទចម្រៀងបែបចង្វាក់កន្ទ្រឹម និងប្រជាប្រិយខ្មែរមួយចំនួននៅលើឆាកតន្ត្រីដែលមានការចូលរួមទស្សនាពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងនោះដែរតារាចម្រៀងសំនៀងក្រអួន គ្រីប លក្ខិណា  និងលោក សុខលីម រក្សា មកពីផលិតកម្មមរតកមេឌៀក៏បានបង្ហាញវត្តមានក្នុងកម្មវិធីនោះផងដែរ។ ក្រៅពីតារាចម្រៀងក្រុមកំប្លែងនាយក្រូចដែលមានទាំងនាងអ៊ីត នាយតាក់ស៊ី និងសិល្បករជាច្រើនទៀតក៏បានបង្កើតសំណើចចែកជូនអ្នកទស្សនារហូតដល់ពាក់កណ្តាលយប់។

លោក សុខលីម រក្សា អ្នកគ្រប់គ្រងទូទៅនៃផលិតកម្ម យ៉ូប បានបញ្ជាក់ថា តារាចម្រៀងទាំងពីរខាងលើនឹងចេញដំណើរមកពីខេត្តសុរិនប្រទេសថៃនៅថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៩នេះ ដើម្បីជួបជុំពុកម៉ែបងប្អូននៅខេត្តស្វាយរៀង ហើយក៏ជាលើកដំបូងដែលពួកគាត់ធ្វើដំណើរទៅកាន់ទីនោះ។ លោកបញ្ជាក់ថាជាទឹកចិត្តជួយដល់ពិធីនៅវត្តលក្ខណ៍រាជាដែលធ្លាប់ល្បីអំពីកម្មវិធីវត្តពិសេសកម្មវិធីដែលចូលរួមថែរក្សាប្រពៃណីវប្បធម៌ខ្មែរ ទើបពួកគាត់សម្រេចចិត្តចូលរួមបើទោះបីជាត្រូវទៅបន្តកម្មវិធីបន្ទាប់ទៀតទាំងយប់ក៏ដោយ។

ព្រះតេជគុណ យឹម សារិន ព្រះចៅអធិការវត្តលក្ខណ៍រាជាបានមានសង្ឃដីការថាព្រះអង្គ និងប្រជាពលរដ្ឋមានចិត្តត្រេកអរក្រោយពីបានទស្សនា ស្តាប់ដោយផ្ទាល់នូវទឹកដមសំនៀងពិរោះពីតារាចម្រៀង សុរិន ។

ព្រះតេជគុណបន្តថាកម្មវិធីបុណ្យកឋិនទានត្រូវបានរៀបចំធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណី តាមលំអានព្រះពុទ្ធសាសនា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ពុទ្ធបរិស័ទ្ធទីជិតឆ្ងាយប្រមាណជាង១ម៉ឺននាក់ និងបានបញ្ចប់ទៅដោយជោគជ័យនិងទទួលបានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធទីជិតឆ្ងាយ។

ព្រះតេជគុណមានសង្ឃដីការដែរថាបច្ច័យដែលបានពីពិធីបុណ្យនេះក៏នឹងត្រូវប្រមូលកសាងរូបបដិមាព្រះអង្គទ្រង់ប្រសូត្រ និងបរិនិព្វាន ដែលបច្ចុប្បន្នកសាងបាន៣០ភាគរយហើយនោះ។ ក្រៅពីកម្មវិធីសាសនាព្រះតេជគុណក៏បានអនុញ្ញាតិឲ្យមានកម្មវិធីតាមទំនៀមទម្លាប់ ពិសេសការស្លៀកពាក់បែបប្រពៃណីខ្មែរសំពត់ហូល ចងក្បិនរបស់យុវជន និងប្រជាពលរដ្ឋក្នុងតំបន់ជាដើម៕ វឌ្ឍនា


ចែករំលែក៖