ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈដ្ឋានទូទៅចម្ងល់ហេតុអ្វីអាជ្ញាធរ និងសមត្ថកិច្ចមិនបង្ក្រាបទីតាំងហ្គេមបាញ់ត្រីយីហោ ដាយអ៊ីម៉ីនខាធូនវើលដ៏ធំនៅកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ ៖ បញ្ហាបនល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសករណីអ៊ិនធើណេតអនឡាញ ត្រូវបានលុបបំបាត់តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងនោះអាជ្ញាធររាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានពង្រឹងនិងតម្រូវឲ្យអាជ្ញាធរសមត្ថកិច្ចទាំង១៤ខណ្ឌ ត្រូវយកចិត្តទុកដាក់បង្ក្រាបលុបបំបាត់ ដើម្បីស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។ ទន្ទឹមនឹងករណីនេះ ទីតាំងអ៊ិនធើណេតបង្កប់ដោយល្បែងស៊ីសងអនឡាញ ដែលមានយីហោ ដាយអ៊ីម៉ីនខាធូនវើល ស្ថិតក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រនៅតែបន្តធ្វើអាជីវកម្មទាំងបំពានច្បាប់ បើទោះជាគណៈបញ្ជាការឯកភាពខណ្ឌ ធ្លាប់បានដឹកនាំកម្លាំងចុះបង្ក្រាបម្តងរួចមកហើយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នោះក្តី ប៉ុន្តែបច្ចុប្បន្នម្ចាស់ ទីតាំងនៅដំណើរការនៅប្រមូលផ្តុំអ្នកញៀនល្បែងយ៉ាងពពាក់ពពូនបង្កើតជាក្តីបារម្ភចំពោះស្ថានភាពអសន្តិសុខ នៅតំបន់នោះ ហើយក៏ជាចម្ងល់ពីមជ្ឈដ្ឋានទូទៅរបស់ពលរដ្ឋ ហេតុអ្វីអាជ្ញាធរ សមត្ថកិច្ច មិនមានវិធានការ បង្ក្រាបស្របតាមគោលការណ៍រដ្ឋាភិបាល ដែលបានបិទអាជីវកម្មអនឡាញនោះ ។

ពាក់ព័ន្ធករណីនេះ លោក យិន សាន អធិការនគរបាលខណ្ឌចំការមន តាមទូរស័ព្ទជាមួយអង្គភាពនគរវត្ត នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោកមិនបានបញ្ជាក់អំពីមូលហេតុនៃការបង្ក្រាបទីតាំងល្បែងស៊ីសងខាង លើនេះទេ ដោយគ្រាន់តែនិយាយយ៉ាងខ្លីថា “ខ្ញុំកំពុងជាប់រវល់នៅឯព្រៃ ហើយសេវាទូរស័ព្ទស្តាប់គ្នាមិនបានទេ រួចក៏បិទទូរស័ព្ទតែម្តង” ។ ដោយឡែកលោក ថេង សុថុល អធិការនៃគណៈអភិបាលខណ្ឌចំការមន បានប្រាប់អង្គភាពនគរវត្តយ៉ាងដូច្នេះថា “តាមពិតខ្ញុំបានដឹកនាំកម្លាំងបង្ក្រាបទីតាំងខាងលើនេះពិតប្រាកដមែន ប៉ុន្តែក្រោយមកលេចឮថា ម្ចាស់ទីតាំងលួចបើកដំណើរការ ។ លោកបន្តថា បញ្ហានេះបានពាក់ព័ន្ធទៅនឹងក្រុមហ៊ុន កោះពេជ្រផងដែរ ដែលបានធ្វើកិច្ចសន្យាជួលទីតាំងកន្លែងលក់ដូរកម្សាន្តនៅតំបន់នោះ ចប់កុងត្រាចុងខែតុលា នេះ ដែលនឹងត្រូវរុះរើ សាងសង់សំណង់អគារពាណិជ្ជកម្ម” ។ ដូច្នះក្នុងពេលដ៏ខ្លីនេះ ទាំងទីតាំងខាងលើ ក៏ដូចជាកន្លែងលក់ដូរមួយចំនួនទៀតត្រូវបានទុកឱកាសឲ្យគាត់បញ្ចប់ចុងខែតុលានេះចុះ ។

បញ្ហាល្បែងស៊ីសងជាប្រភពផ្តើមចេញឲ្យមានបទល្មើសផ្សេងៗនៅក្នុងសង្គម ដែលប្រឈមទៅនឹងបង្កើតឲ្យមានអសន្តិសុខ អំពើឆក់ប្លន់ ។ ក្នុងនោះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង តែក្រើនរំឭក់ដល់ អាជ្ញាធរ សមត្ថកិច្ចទាំង១៤ខណ្ឌ ត្រូវលុបបំបាត់បង្ក្រាបឲ្យខាងតែបានដោយគ្មានហេតុផលណាត្រូវយោគយល់ ឬជាប់ពាក់ព័ន្ធនឹងសំណូកនោះឡើយ ៕ ស រស្មី


ចែករំលែក៖