កាលពី ទី២៩ ខែតុលា ឆ្នាំ២០១៩ ថា លោក Saad Hariri នាយករដ្ឋមន្រ្ដីលីបង់ បានថ្លែង ថា នឹងលាលែងពីតំណែង ព្រោះនេះជាអ្វីដែលប្រជាពលរដ្ឋចង់បាន។ ការប្រកាសបែបនេះ បានកើតឡើង ក្រោយពេលមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល បានអូសបន្លាយ អស់រយៈពេល១៣ថ្ងៃកន្លងមកនេះ ។
ប្រទេសលីបង់ បានប្រឈមមុខនឹងឱនភាពថវិកាជាតិ និងដោះស្រាយបញ្ហាជំនួយ ហើយនិងបំណុលរបស់បរទេសជាង៨០ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលលីបង់ ក៏មានផែនការកាត់បន្ថយនូវឱនភាពថវិកាជាតិ និងរឹតត្បិតនូវការចំណាយ ហើយរៀបចំគម្រោងដំឡើងពន្ធទៅលើផលិតផលផ្សេងៗ រួមមាន ការដំឡើងពន្ធលើថ្នាំជក់ ប្រេងឥន្ធនៈ និង កម្មវិធីផ្ញើសារតាម Whatsapp ជាដើម។ ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យប្រជាពលរដ្ឋលីបង់ បានផ្ទុះបាតុកម្មប្រឆាំងនឹងផែនការនេះ។ ប៉ុន្ដែបើទោះជារដ្ឋាភិបាល បានសម្រេចចិត្តលុបចោលនូវផែនការនោះហើយក្ដី ក៏ក្រុមបាតុករ នៅតែបន្ដធ្វើបាតុកម្ម ដោយអូសបន្លាយ អស់រយៈពេល១៣ថ្ងៃ រហូតមានការប៉ះទង្គិចគ្នាដោយអំពើហិង្សាជាមួយនឹងក្រុមហេសប៊ូឡាហ៍។
បើតាមសារព័ត៌មាន The National បានផ្សាយ នៅថ្ងៃទី៣០ ខែតុលា នេះថា ក្រោយពេលមានការប្រឈមមុខដាក់គ្នា រវាងក្រុមហេសប៊ូឡាហ៍ និង Amal នៅក្នុងកណ្ដាលទីក្រុង Beirut នោះមក លោកនាយករដ្ឋមន្រ្ដីលីបង់ Hariri បានប្រកាសថា លោកនឹងលាលែងពីតំណែង។ បន្ទាប់មក លោកបានធ្វើដំណើរទៅកាន់វិមានរបស់ប្រធានាធិបតី ដើម្បីសុំលាលែងពីតំណែងនេះ។
លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ ការលាលែងពីតំណែងរបស់លោក គឺមិនមែនជារឿងសំខាន់ជាងអនាគតរបស់ប្រទេសជាតិ និងបញ្ហាអាយុជីវិតរបស់ជាតិនោះទេ។ បើនេះជាអ្វីដែលប្រជាពលរដ្ឋចង់បាន គឺលោកត្រូវតែធ្វើតាមដែរ ព្រោះដើម្បីស្វែងរកដំណោះស្រាយផ្នែកនយោបាយ បញ្ចប់នូវបញ្ហានានា៕