ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចោទអាជ្ញាធរសង្កាត់ចំការសំរោងឲ្យអ្នកមានលុយសង់របងលើដីសាធារណៈ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋ២គ្រួសាររស់នៅក្រុមទី៣ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចោទអាជ្ញាធរមូលដ្ឋាន សង្កាត់ចំការសំរោង ក្រុងបាត់ដំបងឃុបឃិតឲ្យប្រជាពលរដ្ឋសាងសង់សំណង់រឹងមាំលើដីសាធារណៈរបស់រដ្ឋ។ អាជ្ញាធរក្រុងបាត់ដំបងអះអាងថានឹងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញថា ប្រជាពលរដ្ឋបានចាក់ដីរំលោភលើប្រឡាយសាធារណៈមែននោះ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ២គ្រួសារ សុំឲ្យអាជ្ញាធរក្រុងបាត់ដំបងជួយដោះស្រាយបានបញ្ជាក់ថា ឈ្មោះ សុខ កន្និកា ភេទស្រី រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានសង់សំណង់ចាក់គ្រឹះ រៀបឥដ្ឋ បេតុង លើដីចំណីផ្លូវរដ្ឋ និងចាក់គ្រឹះលុបប្រឡាយរំដោះទឹក។ ពាក្យបណ្តឹងដែលចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ មកដល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយទេ។

នៅក្នុងពាក្យបណ្តឹងបានបន្តថា ឈ្មោះ សុខ កន្និកាបានកសាងសំណង់ចាក់គ្រឹះ រៀបឥដ្ឋម្ភៃនៅលើដីចំណីផ្លូវសាធារណៈ និងនៅលើប្រឡាយ រំដោះទឹក នៅពីមុខផ្ទះរបស់ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋមានប្លង់កាន់កាប់ និងប្រើប្រាស់ដីដំណីផ្លូវដោយរំលោភបំពានទៅវិញ ហើយឈ្មោះ សុខ កន្និកានេះគឺគាត់រស់នៅខាងលិចថ្នល់បេតុង ហើយគាត់ឆ្លងមករំលោភយកដីចំណីផ្លូវមុខផ្ទះប្រជាពលរដ្ឋ២គ្រួសារ ដោយសាងសង់ខុសច្បាប់សម្រាប់បុគ្គលផ្ទាល់ខ្លួនទៅវិញ។

ប្រជាពលរដ្ឋបានប្តឹងទៅខាងសង្កាត់ ដើម្បីឲ្យសង្កាត់ជួយដោះស្រាយ និងទប់ស្កាត់រួចហើយ រហូតដល់ចៅសង្កាត់បានចុះមកហាមប្រាម ចំនួន២ដងមកហើយ តែបុគ្គលនេះពុំស្តាប់ និងអនុវត្តន៍តាមការបញ្ឈប់របស់ចៅសង្កាត់ឡើយ ហើយនៅតែបន្តសាសង់រហូត និងមានមហិច្ឆិតាកាប់ឆ្ការាលដាលកន្លែងផ្សេងទៀត។

ប្រជាពលរដ្ឋស្នើរសុំ និងសំណូមពរដល់លោកអភិបាលមេត្តាជួយទប់ស្កាត់ និងឲ្យរុះរើសំណង់ខុសច្បាប់ ដែលរំលោភបំពានលើចំណីផ្លូវរដ្ឋ និងប្រឡាយរបស់រដ្ឋ ធ្វើជាអាជីវកម្មនិងកម្មសិទ្ធិរបស់ខ្លួន ហើយយើងខ្ញុំសុំទុករក្សាដីចំណីផ្លូវរដ្ឋទុកជាសម្បត្តិសាធារណៈវិញ និងរុះរើចេញពីមុខផ្ទះរបស់ប្រជាពលរដ្ឋ។

បើតាមប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានស្នើឲ្យលោកចៅសង្កាត់ចំការសំរោងជួយដោះស្រាយដែរ ប៉ុន្តែលោកចៅសង្កាត់មិនមានវិធានការឲ្យបានតឹងរឹុងនោះទេ។ លោកចៅសង្កាត់រងទី១ ទួន វណ្ណា បានចុះទៅមើលនៅគ្រាដែលភាគី រំលោភដីរដ្ឋមិនធ្វើសកម្មភាព។ ប្រជាពលរដ្ឋនៅតំបន់នោះសង្ស័យថា ចៅសង្កាត់ចំការសំរោង លោក កុក អាន ត្រូវរូវជាមួយអ្នករំលោភយកដីប្រឡាយសាធារណៈនោះ។
លោក ផេង សុធី អភិបាលក្រុងបាត់ដំបងអះអាងថានឹងចាត់វិធានការ។ ប៉ុន្តែជំហានដំបូងលោកស្នើឲ្យចៅសង្កាត់ចំការសំរោងចុះទៅមើលសិន៕ ហេង នរិន្ទ្រ


ចែករំលែក៖