ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រទះឡាង បានឃាត់ខ្លួនជនសង្ស័យ២នាក់ប្រគល់ឲ្យព្រហ្មទណ្ឌខណ្ឌដង្កោចាត់ការតាមនីតិវិធី ក្រោយពីបានធ្វើសកម្មភាពលួចកាត់សោរផ្ទះប្រជាពលរដ្ឋយកម៉ូតូជិះចេញតែមិនឆេះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ជាងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅម្តុំវត្តស្លែង ក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ័ន អូក អាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួលភូមិប្រទះសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនោះម៉ាកហុងដាឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង ១A-០២៧៩ ។
ចំណែកជនសង្ស័យ២នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ៖ ទី១ឈ្មោះ សុខ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបបជាងម៉ូតូ ស្នាក់កន្លែងធ្វើការនៅម្តុំជំពូវ័ន មានស្រុកកំណើតនៅភូមិចុងថ្នល់ ឃុំអពន្សា ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២មានឈ្មោះ ហៀង វិច្ឆ័យ ភេទប្រុស អាយុ៣០ឆ្នាំស្នាក់នៅផ្ទះជួល ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ មានស្រុកកំណើតភូមិសង្រ្គាមបូ ឃុំគោកអំពិល ស្រុកបសែត កំពង់ស្ពឺ ។ ជនសង្ស័យទាំងពីរនាក់ខាងលើនេះ ជាមុខសញ្ញាចាស់ខាងដើរលួចកាច់កម៉ូតូ និងតាមផ្ទះប្រជាពលរដ្ឋត្រូវអស់លក្ខ័ណ៍សមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួនបាន ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ដោយមានកម្លាំងល្បាតពួនស្ទាក់ក្នុងមូលដ្ឋានកាពារសុវត្ថិភាពជូនប្រជាពលរដ្ឋ រហូតជិះមកដល់ចំណុចកើតហេតុមុខវត្តស្លែង បានឃើញជនសង្ស័យ២នាក់កំពុងតែធាក់ម៉ូតូ និងតភ្លើង ក៏មានការសង្ស័យ ទើបឃាត់ខ្លួនសួរនាំ និងឆែកឃើញមានសោរាងអក្សរតេដែលសម្រាប់កាចកម៉ូតូ ក៏បនាំខ្លួនមកកាន់ប៉ុស្ដិ៍សួរនាំទើបដឹងថា ជាចោរលួចម៉ូតូ ។
យោងតាមសម្តីពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបិទទ្វារផ្ទះចូលដេកដូចរាល់ដងរហូតមកដល់ម៉ោងកើតហេតុខាងលើក៏មានសមត្ថកិច្ចបានទៅផ្ទះរបស់គាត់សួររឿងមានបាត់ម៉ូតូទេ ទើបគាត់ប្រាប់ថាបានបាត់ ហើយក៏ទៅមើលនៅប៉ុស្តិ៍ប្រទះឡាងក៏ឃើញម៉ូតូរបស់ខ្លួន ។
បច្ចប្បន្ននេះ ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាត់ការតាមផ្លូវច្បាប់ ចំណែកម៉ូតូដែលត្រូវចោរលួច ត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញផងដែរ ៕ ភារ៉ា ដង្កោ