ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿងប៉ូលីសសក្តិ៤ខេត្តកណ្តាល មិនទាន់បញ្ជូនទៅតុលាការទេ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ថ្លែងប្រាប់អោយដឹងថា សំណុំរឿងលោកស័ក្តិ៣​ជិន​ ជឿន​ ប៉ូលិសផ្នែកបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ពាក់ព័ន្ធការវៃប្រពន្ធមិនទាន់រៀបការរហូតរលូតកូនអាយុ៤ខែ​មិនទាន់ឃើញបញ្ជូនមកតុលាការទេ ។

លោក ទិន សុចិត្រា ក៌បានអះអាងថា សមត្ថកិច្ចកំពុងចាត់ការរឿងនេះហើយ ។

បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះ​រួចរាល់ហេីយ​ រហូតមកទល់ពេលនេះ​ លោកស័ក្តិ៣​ ជិន​ ជឿន​ប៉ូលិសផ្នែកបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ កំពុងបន្តរស់នៅក្រៅសំណាញ់ច្បាប់​ករណីវៃប្រពន្ធមិនទាន់រៀបការរហូតរលូតកូនអាយុ៤ខែ​ ។

មហាជនកំពុងរង់ចាំមេីលទាំងអន្ទះសារ​ចំណាត់ការរបស់សមត្ថកិច្ចខេត្តកណ្តាល​ តេីអាចចាត់ការតាមផ្លូវច្បាប់​ឈរលេីភាពយុត្តិធម៌​ ចំពោះប៉ូលិសខ្លួនឯងដែលប្រព្រឹត្តខុសដែរឬទេ​ ? ។

ទោះបីយ៉ាងណា​ក៌ពុំទាន់សុំការបញ្ជាក់ពីលោកវរសេនីយ៍ឯក​រស់​ សាវិន​ នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន​នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ បាននៅឡេីយទេ​ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល​ ។

ជាមួយគ្នានេះ​ កន្លងមក​លោក​ប៉ូលិសស័ក្តិ៣​ ជិន​ ជឿន​ ធ្លាប់ចេញវីដេអូឃ្លីបបដិសេធ​ ថា​មិនបានវៃនារីរងគ្រោះរហូតរលូតកូននោះទេ​ ពោលគឺ​ នារីរងគ្រោះដួលដោយខ្លួនឯង​ ។

សូមបញ្ជាក់ថា​ រឿងរ៉ាវរបស់​លោក ជិន ជឿន ជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក កំពុងល្បីខ្ទរខ្ទារព្រោះតែការប្រេីអំពេីហិង្សាលេីប្រពន្ធមិនទាន់រៀបការរហូតរលូតកូនអាយុ៤ខែ​ដែលនាំអោយមហាជនខឹងសម្បារជំនួសយ៉ាងខ្លាំង​ ។

រឿងរ៉ាវបានទម្លាយបន្ថែមទៀត​គឺ​ លោក​ ជិន​ ជឿន​ ធ្លាប់ប្រេីហិង្សាលេីប្រពន្ធជាច្រេីនលេីកច្រេីនសារ​រហូតមានបណ្តឹងចូលស្នងការនគរបាលខេត្តកណ្តាល​ ថែមទៀតផង​ ។

ពាក្យបណ្តឹងកាលពីថ្ងៃទី២៩​ខែឧសភា​ ឆ្នាំ២០១៩​ កន្លងទៅ​ នារីរងគ្រោះឈ្មោះ​ ស៊ាង​ ស្រីល័ក្ខ​ អាយុ២៧ឆ្នាំ​ធ្លាប់បានប្តឹងលោក​ ជិន​ ជឿន​ ពីបទប្រេីអំពេីហិង្សាផងដែរ​ ។

ដោយឡែក​ ថ្មីៗនេះ​នារីរងគ្រោះ​ បានដាក់ពាក្យបណ្តឹងថ្មីមួយទៀត​ ទៅលោកឧត្តមសេនីយ៍ទោ​ អ៊ាវ​ ចំរើន​ស្នងការនគរបាលខេត្តកណ្តាល​ សុំអោយជួយរកយុត្តិធម៌​ករណីប្តីមិនទាន់រៀបការជាប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ពីបទមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ទោស​ ។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ាង ស្រីល័ក្ខ​អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលនៅបច្ចុប្បន្នភូមិសុកុំផ្ញើឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានប្តឹងឈ្មោះ ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង​ ខេត្តកណ្តាល ពីបទ​ប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ ។

នារីរងគ្រោះ​ រៀបរាប់ថា​កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីយប់ ឈ្មោះ​ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ ដោយមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់ មកលេីនារីរងគ្រោះបណ្តាលឲ្យរលូតកូននៅក្នុងផ្ទះផ្ទៃរបស់នាងខ្ញុំដែលកំពុងពពោះ ៤ខែ។

នារីរងគ្រោះ​ស្នេីសុំលោកស្នងការនគរបាលខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់​ ៕ ឆ ដា


ចែករំលែក៖