ភ្នំពេញ៖ បុណ្យកឋិនទានសាមគ្គីដែលផ្តួចផ្តើមឡើងដោយគណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីរាជការអាជ្ញាធរដែនដី មន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញប្រមូលបានបច្ច័យ ចំនួន១០ម៉ឺនដុល្លារ ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តចំនួន២ នោះគឺវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ និងវត្តវិមានតេជះ(ហៅវត្តស្រះចក)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
កម្មវិធីបុណ្យនេះ ពោលគឺកាលពីវេលាល្ងាចថ្ងៃទី៣០ តុលា ឆ្នាំ២០១៩ បានធ្វើពិធីជួបជុំពុទ្ធបរិសទ័ប្រារព្វពិធីក្រុងពាលី និងនមៈសិកាព្រះរតនៈត្រយ័សមាទានសីល និមន្តព្រះសង្ឃចំរើន ព្រះបរិតនិងសម្តែងធម៌ទេសនា នៅក្នុងបរិវេណសាលាក្រុងភ្នំពេញ ជាមួយការចូលចាប់មគ្គ ផលតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរះយុទ្ធជន វីរះ យុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។ លុះព្រឹកឡើងត្រូវនិងថ្ងៃទី៣១ តុលា ឆ្នាំ២០១៩ ទើបអង្គកឋិនទាននេះ ដង្ហែរមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល ត្រីមាស ក្នុងពុទ្ធសីមាវត្តខាងលើតែម្តង ដោយក្នុងនោះ លោក ឃួង ស្រេង អភិបាលរាជធានីនិងលោកស្រីដឹកនាំអង្គកឋិនទាននេះ ដង្ហែរ មកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែន សុខ។
ចំណែកលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីជាអ្នកដឹកនាំអង្គកឋិនទានដង្ហែរមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តវិមានតេជះ(ហៅវត្តស្រះចក)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សូមបញ្ជាក់ថា បច្ច័យចំនួន១០ម៉ឺនដុល្លារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគេនដល់ដែលគង់នៅវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ចំនួន៥ម៉ឹន ដុល្លារ និងប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តវិមានតេជះ(ហៅវត្តស្រះចក)ចំនួន៥ម៉ឹនដុល្លារដូចគ្នា។
ពិធីបុណ្យកឋិនទាន បានប្រតិស្ថានតាំងពីជាង២៥០០ឆ្នាំមុន ពោលគឺតាំពីសម័យកាលដែលព្រះពុទ្ធអង្គព្រះសម្មាសម្ពុធ្ធបរមគ្រូគង់នៅ និងបានព្រះរាជទានអនុញ្ញាតិឲ្យពុទ្ធបរិសទ័ប្រារព្វពិធីនេះឡើងដើម្បីនាំយកចីវរទានដែលមានអង្គសំខាន់៣ គឺស្បង់ ចីវរ និងសង្ឃាដី ទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាតាមទីអារាមនានា។
ប្រជាពុទ្ធបរិសទ្ធគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា អនុមោទនាដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធបានចាប់ផ្តើមប្រារព្វពិធីបុណ្យកឋិនទាន តាមពុទ្ធានុញ្ជាតិដោយសប្បាយរីករាយ និងប្រកបដោយមោទនៈភាព ជ្រះថ្លាចំពោះសិទ្ធិសេរីភាពពេញលេញនៅក្នុងជំនឿសាសនា ក៏ដូចជានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាសម័យតេជោ ដែលពោរពេញដោយសុខសន្តិភាព ស្ថេរភាពនិង មានការអភិវឌ្ឍន៏រីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ៕ សំរិត