ព័ត៌មានទាន់ហេតុការណ៍៖

ចូលទៅប្រតាយប្រតប់គេដល់ក្នុងផ្ទះនិងយកពូថៅគម្រាមចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ពុំដឹងជាមានរឿងហេតុអ្វី បានចូលទៅក្នុងផ្ទះគេ ស្រែកឡូរឡារ រួចវាយតប់ជាមួយម្ចាស់ផ្ទះ និងយកពូថៅមកគម្រាម ធ្វើឲ្យជនរងគ្រោះជាម្ចាស់ផ្ទះភ័យ ក៏ប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៣និង១០នាទី ស្ថិតក្នុងភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី  ស្រុកខ្សាច់កណ្តាល  ខេត្តកណ្តាល  ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញឹម ពន្លក ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រីឯជនរងគ្រោះឈ្មោះ ហែម វិជ្ជា ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី  ស្រុកខ្សាច់កណ្តាល  ខេត្តកណ្តាល  ។ ដោយឡែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានពូថៅចំនួន១ ។

ប្រភពដដែលបន្ដថា កន្លងមកជនរងគ្រោះ និងជនសង្ស័យគឺជាអ្នកជិតខាង រាប់អាន គ្នា និងធ្លាប់ចេញចូលហូបបាយទឹកនៅផ្ទះជនរងគ្រោះទៀតផង ។  រហូតមកដល់ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងដេកលើអង្រឹងក្រោមផ្ទះរបស់ខ្លួន ស្រាប់តែឃើញជនសង្ស័យដើរចូលទៅក្នុងផ្ទះរបស់ខ្លួន  រួចស្រែកឡូឡាថាៈ  អញគុំយូរហើយ បន្ទាប់មកជនសង្ស័យ បានយកកាំបិតបុ័ងតោរបស់ ជនរងគ្រោះ គប់ចេញទៅក្រៅផ្ទះ ឃើញដូច្នោះ ជនរងគ្រោះក៏មកធ្វើការសួរនាំ រហូតក៏កើតមានទំនាស់ពាក្យសំដី ឈានដល់ប្រតាយប្រតប់គ្នា ភ្លាមនោះ ឈ្មោះ ផាន ធី ចូលទៅឃាត់ រួចជនសង្ស័យទៅផ្ទះរបស់ខ្លួនទៅ  ។ លុះបានមួយសន្ទុះក្រោយមក ស្រាប់តែ ជនសង្ស័យ ដើរមកផ្ទះជនរងគ្រោះវិញ ដោយយកពូថៅសៀតចង្កេះ ខណៈមកដល់ ក៏ដកពូថៅចេញពីចង្កេះ រួចគម្រាមជនរងគ្រោះថា៖ ប៉ូលិសណា ក៏អញមិនខ្លាចដែរ ឮដូច្នោះ ជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពុកឫស្សី ឲ្យជួយអន្តរាគមន៍ចាប់ខ្លួន ។

បន្ទាប់ពីកម្លាំងនគរបាលទទួលបានព័ត៌មានខាងលើ ភ្លាមនោះ ក៏ចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

សុំបញ្ជាក់ថា ជនសង្ស័យធ្លាប់ចូលមណ្ឌលបន្សាបគ្រឿងញៀន នៅរាជធានីភ្នំពេញម្តងរួចមកហើយ ៕
ស្អាងជ័យ


ចែករំលែក៖