ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ បាននាំគ្នារត់ចែកជើងគ្នាពេញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីរថយន្តឡិចស៊ីសLX៤៧០មួយគ្រឿង របស់មន្រ្តីនគរបាលអន្តោប្រវេសន៍ម្នាក់ ត្រូវបានឆ្លងចរន្ថភ្លើងឆាបឆេះ ។
រថយន្តដែលរងការឆាបឆេះខាងលើនេះ ម៉ាកឡិចស៊ីសLX៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BA-1902 ជាកម្មសិទ្ធរបស់មន្រ្តីនគរបាលអន្តោប្រវេសន៍ម្នាក់ ប៉ុន្តែមិនស្គាល់ឈ្មោះនោះទេ បម្រើការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ចតនៅចំណតជាធម្មតា ពុំមានមនុស្សនៅក្នុងនោះទេ ដោយម្ចាស់កំពុងបំពេញការងារនៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានផ្សែងរួមនិងអណ្ដាតភ្លើងឆេះចេញពីផ្នែកខាងមុខ នៃរថយន្តតែម្ដង ។ ភ្លាមៗក្រុមកងអន្តរាគមន៍ប្រចាំទីនោះ បានចេញមកជួយបាញ់ពន្លត់ទាន់ពេលវេលា និងបង្កការភ្ញាក់ផ្អើលម្ចាស់រថយន្ត ក៏បានមកដល់រើអីវ៉ាន់ចេញពីក្នុងរថយន្តដែរព្រោះខ្លាចឆេះខ្ទេច ។
ក្រោយកើតហេតុ ករណីខាងលើនេះ បណ្ដាលឲ្យខូចខាតផ្នែកខាងមុខនៃរថយន្តតែប៉ុណ្ណោះ ពុំបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ។ មូលហេតុ សង្ស័យថាបណ្ដាលមកពីឆ្លងចរន្ថភ្លើងចេញពីក្បាលអាគុយ ខណៈប្រព័ន្ធភ្លើងរថយន្តមានបញ្ហា ៕សុខា សែនជ័យ