ភ្នំពេញ ៖ កម្មការនីរោងចក្រម្នាក់ ចាញ់ល្បិចក្រុម ផ្ញើសារទូរស័ព្ទ លោកអ្នកឈ្នះរង្វាន់១០០០០ដុល្លារ សុំលុយខ្លះទៅរត់ការ វេរលុយតាមវីងអស់១៥០០ពាន់ដុល្លារ បែកធ្លាយរឿង ភ្ញាក់ខ្លួនដឹងថាចាញ់បោកគេហើយ ក្រុមគ្រួសារនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
នារីរងគ្រោះ ចាញ់ល្បិចគេ មានឈ្មោះ រ៉ូ សុខលាភ អាយុ១៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ ចំណែកលុយខាតបង់ ចាញ់បោក ជនបោកប្រាស់ អស់ចំនួន៣ពាន់ដុល្លា បន្សល់ទុក បានត្រឹមកន្ទុយសន្លឹកវេលុយ ជាភស្តុតាង ។
តាមការរៀបរាប់ ពីនារីរងគ្រោះ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ មានទូរស័ព្ទហៅចូលមកនាង ដោយប្រាប់ថា លោកអ្នកឈ្នះរង្វាន់ធំ១០០០០ដុល្លារ (មួយមុឺនដុល្លារ) តែខាងក្រុមហ៊ុន តម្រូវឲ្យលោកអ្នកចំណាយលុយខ្លះដើម្បីរត់ការ ឈានដល់បើកលុយរង្វាន់មហាសាល ។
នាងបន្តទៀតថា ខំតែជឿ គ្រាដែលឮថាឈ្នះរង្វាន់មហាសាល សឹងមិនបាច់ធ្វើការទៀតទេ ខ្ចីលុយបងប្រុសនៅឯស្រុកផងលុយខ្លួនឯងខំសន្សំផង ផ្ញើលុយថ្លៃសេវារត់ការ តាមវីងផង តាមទ្រូម៉ាន់នីផង សរុបអស់១៥០០ពាន់ដុល្លារ នៅល្ងាចទី៣០ ខែតុលា ឆ្នាំ 2019 លុះមកដល់ព្រឹកថ្ងៃទី៣១ ខែតុលា លេខទូរស័ព្ទរបស់ជនអនាមិកដដែលទូរស័ព្ទមកទាមទារឲ្យផ្ញើលុយទៀត នាងទូរស័ព្ទទៅរកខ្ចីលុយបងប្អូននៅឯស្រុក ទើបបែកធ្លាយរឿង ដឹងថាចាញ់បោកគេហើយ ១៥០០ដុល្លារទៅបាត់ដោយសុវត្ថិភាព បានត្រឹមកាន់កន្ទុយ វីង ទ្រូម៉ាន់ មកប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ ។
នារីរងគ្រោះក្រោយពីដឹងថា ខ្លួនចាញ់បោកគេហើយ ត្រូវបានក្រុមគ្រួសារ នាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីបញ្ចេញកណ្តាប់ដៃ តាមចាប់ជនខិលខូច បោកប្រាស់ ៕ សុខាសែនជ័យ
យ