ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបណ្ដោយឲ្យជនសង្ស័យករណីហិង្សាក្នុងគ្រួសារម្នាក់ ធ្លាក់ពីលើម៉ូតូរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តស្វាយរៀង: ស្ត្រីម្នាក់ត្រូវបានសមត្ថកច្ចឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សា វាយឪពុកក្មេកបណ្ដាលអោយរងរបួស ហើយសមត្ថកិច្ចដឹកតាមម៉ូតូមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ស្រាប់តែធ្លាក់ពីលើម៉ូតូបណ្ដាលអោយសន្លប់ត្រូវដឹកមកសង្គ្រោះនៅមន្ទីរពេទ្យមន្ទីបង្អែកខេត្តស្វាយរៀង ក៏បានដាច់ខ្យល់ស្លាប់តែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពី៤និង៣០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ស្ត្រីខាងលើមានឈ្មោះ សំ បុប្ផា អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់ក្នុងឃុំត្នោត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

ចំណែកឪពុកក្មេករងការប្រើហិង្សាមានឈ្មោះ ហ៊ុនយាប់ បានដាក់ពាក្យបណ្ដឹងទៅកូនប្រសារស្រីឈ្មោះ សំ បុប្ផា ពីបទអំពើហិង្សាក្នុងគ្រួសារ ទើបសមត្ថកិច្ចនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្នោត ក៏បានទៅអញ្ជើញ ឈ្មោះ សំ បុប្ផា មកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ប៉ុន្តែបានប្រកែកពុំព្រមឡើងរថយន្តជាមួយសមត្ថកិច្ចនោះទេ ក្រោយមកដោយមានការសម្របសម្រួលពីសមត្ថកិច្ច និងក្រុមគ្រួសារ ទើបយល់ព្រមឡើងជិះម៉ូតូជាមួយសមត្ថកិច្ចលុះជិះដល់ពាក់កណ្ដាលផ្លូវក៏ធ្លាក់ពីលើម៉ូតូ បណ្ដាលឲ្យសន្លប់ហើយត្រូវបានដឹកបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត ប៉ុន្តែអកុសលក៏ស្លាប់បាត់ ។

លទ្ធផលនៃការធ្វើកោសល្យវិច័យដោយមានការចូលរួមពីសមត្ថកិច្ចនគរបាល គ្រូពេទ្យ គ្រួសារជនរងគ្រោះ និងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ឃើញថា ស្ត្រីខាងលើពិតជាបានស្លាប់ដោយសារធ្លាក់ពីលើម៉ូតូពិតប្រាកដមែន ។

សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ យឹមសុថាន


ចែករំលែក៖