ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងបរិភោគមួយចំនួន ដូចជាប្រហិតចម្រុះ  និងចាហួយក្មេងខូចគុណភាព ដាក់លក់តាមស្តង់តាំងពិព័រណ៍ ក្នុងឱកាសបុណ្យអ៊ុំទូកនេះ ត្រូវបានមន្ត្រីកាំកុងត្រូលដកហូតដុតកម្ទេចចោល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខាខេត្ត បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធររដ្ឋបាលក្រុងស្ទឹងត្រែង បានចុះត្រួតពិនិត្យទំនិញតាមស្តង់តាំងពិព័រណ៍ ។

ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅវេលាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្រុងស្ទឹងត្រែង ក្នុងឱកាសបុណ្យអ៊ុំទូកនេះ បានរកឃើញប្រហិតចម្រុះខូចគុណភាពចំនួន ១០គីឡូក្រាម និងចាហួយក្មេងខូចគុណភាពចំនួន ៣គីឡូក្រាម ត្រូវបានដកហូតយកទៅដុតកម្ទេចចោលតែម្តង ។

លោក គឹម ប្រុស បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះអង្កេតទំនិញ តាមស្តង់តាំងពិព័រណ៍ ស្ថិតនៅក្រុងស្ទឹងត្រែង ក្នុងឱកាស បុណ្យអ៊ុំទូកខេត្តស្ទឹងត្រែងនេះ  រួមទាំងក្រុមការងារបានរកឃើញប្រហិតចំរុះ ខូចគុណភាពចំនួន១០គីឡូក្រាម និងចាហួយក្មេង ខូចគុណភាព ចំនួន៣គីឡូក្រាម ក្រុមការងារ បានធ្វើកំណត់ហេតុដកហូតដុតកម្ទេចចោលភ្លាមៗ ។

ជាមួយគ្នានេះដែរ មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានម៉តចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទានដោយសុវត្ថិភាព ត្រូវប្រុងប្រយ័ត្ន ដើម្បីជៀសវាងមិនឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

គួររំលឹកថា: ប្រជាពលរដ្ឋក្នុងក្រុង និងខេត្តស្ទឹងត្រែង សូមសំណូមពរដល់មន្ត្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរ គួរតែរឹតបន្តឹង  ក្នុងពេលដាក់តាំងលក់ផលិតផលផ្សេងៗក្នុងឱកាសលក់ នៅមុខទំនិញផ្សេងៗ ជាពិសេសគ្រឿងទេស គ្រឿងបរិភោគផ្សងៗ និងនំចំណីក្មេង តែងតែ នាំមកចរាចរណ៍លក់នូវសម្ភារ:សេសសល់បាតឃ្លាំង ខូចគុណភាពយកមកលក់ វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព  អ្នកទិញទៅបរិភោគ ដោយមិនបានពិនិត្យឲ្យបានត្រឹមត្រូវ ជាពិសេសចំណីក្មេងបរិភោគ ។

ដូច្នេះសូមសមត្ថកិច្ចជំនាញ គួរតែយកចិត្តទុកដាក់ត្រួតពិនិត្យជាប្រចាំ មុននឹងឲ្យដាក់លក់ ឬចែកចាយ ឲ្យអ្នកទិញយកទៅបរិភោគជៀសវាងនូវទំនិញខូចគុណភាពទាំងនេះ មិនថាឡើយតែក្នុងពេលតាំងពិព័រណ៍នោះទេ អ្នកលក់តាមតូបក្នុងផ្សារ សាមគ្គីក្រុងស្ទឹងត្រែង  និងអ្នកលក់បោះដុំ និងរាយតាមផ្ទះ គួរតែចាប់អារម្មណ៍ផង សូមកុំធ្វើតែបានល្អមើល យកឡុំៗអី លោកជំនាញអើយ! ៕ មាស សុផាត


ចែករំលែក៖