ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ហ៊ុន​ សែន​ អញ្ជេីញ​ចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១១

ចែករំលែក៖

ប្រទេសថៃៈ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើក៣៥រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រ​ទេស​មេគង្គទាំងប្រាំរួមមាន ព្រះរាជាណាចក្រកម្ពុជា ឡាវ មីយ៉ាន់ម៉ា​ ថៃ និងវៀតណាម បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១១ ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន អាបេ សិនហ្សូ​ ដែលធ្វេីឡេីងនៅទីក្រុងបាងកក​ ប្រទេសថៃ។

ក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១១ មេដឹកនាំនៃប្រទេសមេគង្គ ជប៉ុន បានធ្វើការពិភាក្សា គ្នាយ៉ាងស៊ីជម្រៅ ទាក់ទិនទៅនិងវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងចន្លោះនៃកិច្ចប្រជុំកំពូល មេគង្គ ជប៉ុន លើកទី១០។

មេដឹកនាំនៃប្រទេសមេគង្គ បានថ្លែងនូវអំណរគុណចំពោះឯកឧត្តម​នាយករដ្ឋមន្រ្តីជប៉ុន និងឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ដែលបានរៀបចំឲ្យមានកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១១ ដ៏មានសារៈសំខាន់នេះ។ មេដឹកនាំទាំងអស់ ក៏បានវាយតម្លៃខ្ពស់ចំពោះក្របខណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន ដែលតាមរយៈសសរស្តម្ភទាំងបីរបស់យុទ្ធសាស្រ្តទីក្រុងតូក្យូ ឆ្នាំ​២០១៨ រួមមានការតភ្ជាប់រស់រវើក និងមានប្រសិទ្ធភាព សង្គមដែលផ្តោតលើមនុស្សជាចម្បង និង ការសម្រេចបាននូវមេគង្គបៃតង បានផ្តល់ជាថាមពលបន្ថែមសំដៅលើកកម្ពស់ភាពប្រកួតប្រជែង ក្នុងតំបន់ និងប្រែក្លាយអនុតំបន់មេគង្គឲ្យទៅជាមជ្ឈមណ្ឌល នៃកំណើនសេដ្ឋកិច្ចសកល។

នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១១នេះដែរ មេដឹកនាំនៃប្រទេសមេគង្គ បានអបអរសាទរចំពោះជប៉ុន ដែលទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលលើកទី១៤ នៅអូសាកា ដែលបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការរៀបចំរបៀបវារ:សកល។

ដូចគ្នានឹងបណ្តាមេដឹកនាំមេគង្គដទៃទៀត សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងថា ខណ:ដែល ពិភពលោកកំពុងឆ្លងកាត់ភាពមិនច្បាស់លាស់ យើងត្រូវរួមគ្នាពង្រឹងពហុភាគីនិយមបន្ថែមទៀត ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ក្នុងស្មារតីនេះ កម្ពុជា​សូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្រោមយុទ្ធសាស្រ្តសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វីក ដើម្បីធានាសន្តិភាព ស្ថិរភាព វិបុលភាព និងការតភ្ជាប់សម្រាប់តំបន់៕


ចែករំលែក៖