ប្រទេសថៃៈ នៅរសៀលថ្ងៃទី៤វិច្ឆិកា ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ(RCEP)លើកទី៣ ដែលធ្វេីឡេីងនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
នៅក្នុងកិច្ចប្រជុំកំពូលនេះគឺ មានការយាង និងអញ្ជេីញចូលរួមពីសំណាក់មេដឹកនាំអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ានផ្សេងទៀត រួមមានចិន ជប៉ុន សាធា រណរដ្ឋកូរ៉េ អូស្រ្តាលី ញ៉ូហ្សេឡេន ឥណ្ឌា និងសហរដ្ឋអាមេរិក ដើម្បីពិនិត្យនិងវាយតម្លៃទៅលើកាលានុវត្តភាព និង បញ្ហាប្រឈមនានា ដែលបានអនុវត្តនាពេលកន្លងមក និងការលើកទិសដៅសម្រាប់អនាគត។
របៀបវារ: នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ RCEP ត្រូវបានរចនាឡើង ជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការដោះស្រាយបញ្ហាលំបាកៗ ដូចជាពាណិជ្ជកម្មឌីជីថល កំណែទំរង់បទបញ្ញត្តិបើកចំហរ ពាណិជ្ជកម្ម និងការចល័តនៃពលករជំនាញ សុទ្ធសឹងតែស្ថិតក្នុងរបៀបវារ:ជួរមុខ នៃពាណិជ្ជកម្មបែបទំនើប។
នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃប្រទេស RCEP បានសំដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្រ្តី RCEP និងក្រុមការងារ ដែលបានសម្រេចនូវកិច្ចព្រមព្រៀង RCEP មួយដែលមានលក្ខណ:ទំនើប ទូលំទូលាយប្រកបដោយគុណភាពខ្ពស់ និងជាពិសេសបានផ្តល់នូវប្រព្រឹត្តកម្មពិសេស និងដោយឡែកសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។ មេដឹកនាំ ទាំងអស់ បានចាត់ទុកដែរថា ការសម្រេចបាននូវកិច្ចព្រមព្រៀង RCEP នាពេលនេះ គឺជាព្រឹត្តិការណ៍ ដ៏មានសារ:សំខាន់ថ្មីមួយជាប្រវត្តិសាស្រ្ត សម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វីកទាំងមូល បន្ទាប់ពីថ្នាក់ដឹកនាំ RCEP បានប្រកាសឲ្យបើកការចរចាជាផ្លូវការ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១២ ទោះបីជានៅមានបញ្ហាបច្ចេកទេសខ្លះ ដែលត្រូវបញ្ចប់មុននឹងឆ្លងនីតិវិធីផ្ទៃក្នុង សម្រាប់ការចុះហត្ថលេខានៅប្រទេសវៀតណាម នៅឆ្នាំ២០២០ខាងមុខ។
ផ្អែកលើការអនុវត្ត នៃការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀង ដែលរួមបញ្ចូលទាំងឧបសម្ព័ន្ធនានា RCEP នឹងផ្តល់នូវកាលានុវត្តភាពថ្មីៗ ឆ្ពោះទៅរកប្រភពថ្មីនៃកំណើន សេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ដើម្បីជំរុញនិងផ្តល់សន្ទុះដល់ពាណិជ្ជកម្មទំនិញ សេវា និងការវិនិយោគ បន្ថែមពីនេះ ការសម្រេចបាននូវកិច្ចព្រមព្រៀង RCEP គឺជាសារនយោបាយដ៏មុតស្រួចទៅកាន់ ពិភពលោកបច្ចុប្បន្ន បង្ហាញឲ្យឃើញអំពីឆន្ទ:របស់ថ្នាក់ដឹកនាំ នៃប្រទេស RCEP ក្នុងការគាំពារ សកលភាវូបនីយកម្ម ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី និងសេដ្ឋកិច្ចពិភពលោក តំបន់បើកចំហរ ដែលជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការឆ្លើយតបនឹងនិន្នាការគោលនយោបាយគាំពារនិយម និង ឯកតោភាគីនិយម។
ដូចគ្នានឹងមេដឹកនាំអាស៊ានដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងថា ទោះបីជាកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច អាចនឹងមានតម្រូវការមានការទម្រង់ផ្នែក ច្បាប់ រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងរដ្ឋបាល ជាច្រើន បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ប៉ុន្តែ សម្តេចនៅតែធ្វើការសម្រេចចិត្តដោយក្តីរីករាយបំផុត ក្នុងការផ្តល់អាណត្តិឲ្យរដ្ឋមន្រ្តីកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នេះ នៅក្នុងឆ្នាំ២០២០ខាងមុខ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំនៃប្រទេស RCEP បានឈានទៅចេញផ្សាយនូវសេចក្តីប្រកាសរបស់ប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ RCEP៕