ប្រទេសថៃៈ កាលពីរសៀលថ្ងៃទី៤វិច្ឆិកា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ ដែលធ្វេីឡេីងនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលេីកទី២២នាពេលនេះ គឺមានការយាង និងអញ្ជេីញចូលរួមពីប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន អាបេ សិនហ្សូ ដើម្បីពិនិត្យពិភាក្សាទៅលើវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃទំនាក់ទំនងអាស៊ាន ជប៉ុន ក្នុងរយៈពេលជាង២២ឆ្នាំកន្លងទៅ។
ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន ជប៉ុន មានសេចក្តីសោមនស្សរីករាយដោយបានឃើញ កិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន មានការរីកចម្រើនជាលំដាប់។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានសំដែងនូវការពេញចិត្តចំពោះភាគីជប៉ុន ដែលបានគាំទ្រ ក្នុងការពង្រឹងការតភ្ជាប់អាស៊ាន ជប៉ុន ដែលមានសារសំខាន់ជាសារវន្តដល់ការពង្រឹងភាពជាដៃគូរវាងអាស៊ាន ជប៉ុន ទាំងផ្នែកពាណិជ្ជកម្ម និងវិនិយោគ។
មេដឹកនាំអាស៊ាន ក៏បានសំដែងនូវការកោតសរសើរដល់ភាគីជប៉ុន ចំពោះការបន្តគាំទ្រដល់ការអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ២០១៦-២០២០ ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ រវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ព្រម ទាំងរបៀបវារ:អង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
មេដឹកនាំអាស៊ាន បានធ្វើការគូសបញ្ជាក់ទៅកាន់មេដឹកនាំជប៉ុនថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ នឹងជប៉ុន ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រេចឲ្យបាន នូវគោលដៅផែនទីចង្អុលទិស សហប្រតិបត្តិការសេដ្ឋកិច្ចយុទ្ធសាស្រ្ត ២០២១-២០២២ ដោយរួមបញ្ចូលផងដែរ នូវការចុះហត្ថលេខាកាលពីពេលថ្មីៗកន្លងទៅ។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃការអនុវត្ត គំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន ជប៉ុន ដែលនិឹងជំរុញកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំរាម ការអភិរក្សជីវ:ចម្រុះ ការគ្រប់គ្រងជាតិពុលគីមី ការគ្រប់គ្រងទឹកកខ្វក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍទីក្រុង ក្នុងគោលដៅនៃការលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀត សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍លើកឡើង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី២២នោះថា កម្ពុជាសូមសំដែងនូវការគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុងការបង្កើតឲ្យមានកិច្ចសន្ទនាអាស៊ាន ជប៉ុន ស្តិពីបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីឲ្យអាស៊ានចាប់ផ្តើមគិតគូរបានគ្រប់ជ្រុងជ្រោយ និងមាន លទ្ធភាពត្រៀមខ្លួនឲ្យបានល្អ សម្រាប់ឈោងចាប់យកសក្តានុពលនៃការអភិវឌ្ឍ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតចេញនៃបដិវត្តន៍ឧស្សាហកម្មទី៤។ ក្នុងស្មារតីនេះ កម្ពុជាស្នើពង្រឹង មូលនិធិនៅក្រមក្របខណ្ឌសមាហរណកម្មអាស៊ាន ជប៉ុន សម្រាប់បម្រើឲ្យការងារពាកព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤។
ទន្ទឹមនឹងនេះ កម្ពុជាសូមលើកទឹកចិត្តជប៉ុន ឲ្យបន្តផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដែលមានទីតាំងនៅរាជធានីភ្នំពេញ ដើម្បីបង្កើនសមត្ថភាពការងាររបស់មជ្ឈមណ្ឌល។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំ អាស៊ាន ជប៉ុន បានឯកភាពគ្នាឈានទៅចេញផ្សាយ នូវសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូល អាស៊ាន ជប៉ុន លើកទី២២ និងបានអនុម័តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២២ ស្តីពីការតភ្ជាប់៕