ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពនយោបាយនៅក្នុងប្រទេសអ៊ីរ៉ាក់ កាន់តែតានតឹង ខណៈសន្តិសុខ​បាញ់សម្លាប់បាតុករជាច្រើននាក់បន្ថែមទៀត

ចែករំលែក៖

ក្រោយពេល​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់​បានអំពាវានាវ ឲ្យបញ្ចប់អំពើហិង្សា ​ក៏ដូចជាបញ្ចប់បាតុកម្ម ដើម្បីរៀបចំនយោបាយដឹកនាំកាន់តែប្រសើរឡើង ។ ប៉ុន្តែ​ពេលថ្មីៗនេះ មានបាតុកម្មករជាច្រើន បានស្លាប់ដោយការបាញ់ប្រហារពីកម្លាំង ប៉ូលិស ។ ទាំងនោះហើយ ជាហេតុធ្វើឲ្យបាតុកម្មរាលដាលកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ។

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ បានឆ្លង​កាត់​ស្ពានសំខាន់មួយ​ក្នុងទីក្រុងបាដាដ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឆ្ពោះ​ទៅកាន់​អគារការិយាល័យ​កណ្តាលនាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ហើយនិង​ស្នាក់ការ​ទូរទស្សន៍​គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ាក់ ខណៈដែល​កងកម្លាំងសន្តិសុខ​បានបាញ់​គ្រាប់ពិត​ និងឧស្ម័នបង្ហូរទឹកភ្នែក​សម្លាប់មនុស្ស​៥នាក់ និង​របួសរាប់សិបនាក់ផ្សេងទៀត​។

បាតុករ​បានគប់ដុំថ្ម និងដុតសម្បកកង់ឡាន ចាក់សំរាម​​ដុត​ បង្កឲ្យមានផ្សែងខ្មួលខ្មាញ់​ពាសពេញផ្ទៃអាកាសតែម្តង ។ កងកម្លាំងសន្តិសុខ​ ដូចទឹកបាក់ទំនប់​សម្រុក​ទៅកាន់​ទីតាំង​ខាងលើនេះ ដើម្បីការពារ​អគារ​ទីតាំងរដ្ឋាភិបាល ហើយ​ការផ្ទុះអាវុធ​ក៏បាន​លាន់ឮផូងផាំង​តាមដងផ្លូវ ។

រ៉ឺម៉ក​ម៉ុតូ​សន្តោង​ជាច្រើន​គ្រឿង​បានបើកបរបញ្ច្រាស​ទិសដៅចរាចរ ទាំងប្រញាប់ប្រញាល់​​ដឹកមនុស្ស​រងរបួស​ទៅកាន់​ទីតាំង​សង្គ្រោះ​បឋម នៅឯទីលាន​ Tahrir Sauare ដែលជាទីតាំង​សំខាន់​របស់ក្រុម​បាតុករ​ជ្រើសរើស​ជួបជុំគ្នាធ្វើបាតុកម្ម ។

ជាច្រើនថ្ងៃ​កន្លងមក, បាតុករ​បានព្យាយាម​ឆ្លងកាត់​ទន្លេ Tigris ទៅកាន់​តំបន់​បៃតង ដែលកងកម្លាំងសន្តិសុខ​យ៉ាងច្រើនសន្ធឹកសន្ធាប់​ត្រូវបានដាក់ពង្រាយ​ការពារ​នៅតំបន់​នោះ ។ អគារការិយាល័យរដ្ឋាភិបាល​សំខាន់ៗ សុទ្ធតែស្ថិតនៅ​តំបន់​បៃតង​ ។ កម្លាំងសន្តិសុខ​បានបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ ដើម្បី​ឲ្យក្រុមបាតុករ​ដកថយក្រោយ​ឆ្ងាយ​ពីរបាំង​​ដែលដាក់នៅ​លើស្ពាន Al-Joumhouriyah និងស្ពាន Al-Sanak​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ក្រុមបាតុករ​បាន​ផ្អើន​ទម្លុក​បំបែក​របាំង​ហាមឆ្លងកាត់​របស់ប៉ូលិស​ស្ថិតនៅ​ចុងខាងជើង​ស្ពាន Al-Ahrar នោះទាល់តែបាន​។

បាតុករ​អ៊ីរ៉ាក់​រាប់ពាន់នាក់​បានបាតុកម្ម​នៅកណ្តាលទីក្រុងបាដាដ និង​នៅទូទាំង​តំបន់ភាគខាងត្បូង​អ៊ីរ៉ាក់​ដែលភាគច្រើន​ក្រុម​អិស្លាម​និកាយស៊ីអ៊ីតរស់នៅ​​។ បាតុកម្ម​ចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែតុលា មកម្ល៉េះ ទាមទារ​ផ្តួលរំលំរដ្ឋាភិបាល​និង​ផ្លាស់ប្តូរ​គោលនយោបាយ​ដឹកនាំ​ប្រទេសអ៊ីរ៉ាក់ ។ បាតុករ​ពោរពេញទៅដោយកំហឹង​​ទៅលើអំពើពុករលួយ​ដ៏រីករាលដាល​ក្នុងជួររដ្ឋាភិបាលអ៊ីរ៉ាក់,​ អត្រាអ្នកអត់ការងារធ្វើកើនឡើងខ្ពស់ និង​កង្វះ​ខាត​សេវា​សាធារណៈ​ជាមូលដ្ឋានជាដើម​។

កងកម្លាំងសន្តិសុខ​បាន​សម្លាប់​មនុស្ស​ជាង ២៦០នាក់​មកហើយ អំឡុង​បាតុកម្ម​ធំៗ​កើតឡើងពីរលើក​​ ចាប់តាំងពីដើម​ខែ​តុលា ឆ្នាំ២០១៩នោះមក​។ ការប៉ះទង្គិចថ្មីៗចុងក្រោយ​នេះកើតឡើង តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​នាយករដ្ឋមន្ត្រី Adel Abdul-Mahdi បានអំពាវនាវ​បាតុករ​បើក​ផ្លូវឡើងវិញ ហើយ​អំពាវនាវ​ឲ្យ​​ដំណើរ​ការ​ទាំងឡាយ​ប្រព្រឹត្ត​ទៅដូចដើមវិញ ។ ការិយាល័យ​របស់​លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់​នៅខាងក្រៅតំបន់​តៃតង ៕


ចែករំលែក៖