ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ ក្នុងនោះមេខ្យល់ប្រុសស្រីចំនួន៣នាក់ នារីរងគ្រោះ ចំនួន០២នាក់ អនីតិជនម្នាក់ ពាក់ព័ន្ធករណីការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (ពីប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសវៀតណាម ទៅប្រទេសចិន) ។
ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយលោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ខ្លួួនជនសង្ស័យប្រុសស្រី៥នាក់ ក្នុងនោះមេខ្យល់ប្រុសស្រីចំនួន៣នាក់កាលពីវេលាម៉ោង ១១ និង២៥នាទី ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចចំណតរថយន្តក្រុង (វ៉ាងរ៉ិច) ផ្លូវលេខ១៤៤ កែងផ្លូវ លេខ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង០៣នាក់ពាក់ព័ន្ធករណី ជួញដូរមនុស្សឆ្លងដែន ទី១. ឈ្មោះ ពៅ ដែន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ។ ទី២. ឈ្មោះ រ៉ន សុភា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ និងទី៣. ឈ្មោះ ចិត្ត ស្រីពេជ្រ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បម្រើការងារខារ៉ាអូខេ ។ ចំណែកនារីរងគ្រោះចំនួន០២នាក់ ក្នុងនោះ ជាអនីតិជនម្នាក់ ។
នគរបាលជំនាញបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនធ្វើការស្រាវជ្រាវ ជាច្រើនថ្ងៃ រហូតដល់ស៉ីជំរៅ បានចុះទៅឃាត់ខ្លួនស្រ្តីសង្ស័យភ្លាមៗតែម្ដង នាំមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ ។
យោងតាមនារីរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលពួកនារីរងគ្រោះសម្រេចចិត្តទៅប្រទេសចិន គឺមានស្រ្តីម្នាក់ដែលជាមេខ្យល់បានទាក់ទង និងលួងលោមថា បើប្អូនៗព្រមទៅប្រទេសចិន ពេលទៅដល់ភ្លាម និងទទួលបានក្នុងម្នាក់ ពី២០០០$ទៅ ៣០០០ដុល្លារអាមេរិក ហើយរាល់ការធ្វើឯកសារ និងធ្វើដំណើរគឺមានអ្នករាប់រងទាំងអស់តែម្ដង ។ នារីរងគ្រោះបានបន្តទៀតថា ពេលនោះពួកនាងបានសួរថា គាត់ពុំមានលិខិតឆ្លងដែនទេ នារីមេខ្យល់ក៏បានប្រាប់ថា ណឹងនាំទៅធ្វើលិខិតឆ្លងដែន ព្រោះធ្វើតែ១ថ្ងៃបានហើយ ពេលដែលទទួលបានលិខិតឆ្លងដែនរួចហើយ ធ្វើដំណើរទៅតាមច្រកព្រំដែនអន្តរជាតិបាវិត នៅពេលទៅដល់ហូជិមិញ គឺមានមេខ្យល់ ចាំទទួល ដើម្បីនាំឆ្លងដែនទៅប្រទេសចិន តែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីជាមេខ្យល់ ទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននាំមកសាកសួរ រួចឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ចំណែកនារីរងគ្រោះទាំង០២នាក់ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕ ស តារា