ព័ត៌មានទាន់ហេតុការណ៍៖

លោក យ៉ាន់ វិសាក់ ហៅសែ កាន់តែល្បីល្បាញ​រឿងឃុបឃិតឲ្យមាន​បទល្មើសនេសាទនៅ​ឃុំផ​ាត់សណ្ដាយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជានេសាទ​នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ត​កំព​ង់​ធំ បានឲ្យដឹងថានៅក្នុងបឹងទន្លេសាបនៃឃុំផាត់សណ្ដាយ កំពុងកើតមានបទល្មើសប្រើឧបករណ៍ខុសច្បាប់ប្រភេទឆ្នុកភ្លើងពណ៌ ណរ៉ាវ របាំងសាច់អួនក្រឡាញឹក និងរបាំងស្បៃមុងកើតឡើងយ៉ាងរាលដាលដោយគ្មានមន្ត្រីរដ្ឋបាលជលផល ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះទេ ។ ប្រភពខ្លះបានឲ្យដឹងថាលោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់​សណ្ដាយ គឺជាអ្នកឃុបឃិតឲ្យមានបទ ល្មើសប្រើឧបករណ៍ខុសច្បាប់ច្រើនប្រភេទកើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍ ។

ការដែលលោក យ៉ាន់ វិសាក់ ហៅសែ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺមានការបើកដៃពីសំណាក់លោក ប៉ែន វណ្ណរឹទ្ធ នាយ​ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំផងដែរទើបបទលើ្មសនេសាទរាលដាលកាន់តែខ្លាំង​ដូចសព្វថ្ងៃនេះ ។

ប្រជានេសាទជាលក្ខណៈគ្រួសារបានឲ្យដឹងថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដូចជា ឆ្នុកភ្លើងពណ៌ កំពុងកើត​ឡើង​​យ៉ាងអនាធិបតេយ្យបំផុត ហើយ របាំងសាច់អួនក្រឡាញឹកដែលមានប្រវែងបណ្ដោយពី៣០០ម៉ែត្រទៅរាប់ពាន់ម៉ែត្រកំពុងកើតឡើងរាប់រយកន្លែងនៅក្នុងផ្ទៃបឹងទន្លេសាបនៃឃុំផាត់សណ្ដាយ ។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា អ្នកប្រើប្រាស់ឧបករណ៍ខុសច្បាប់បានបង់លុយតាមការកំណត់របស់លោក យ៉ាន់ វិសាក់ ហៅសែ និងបក្ខពួកទើបអាចចៀសផុតពីការបង្ក្រាបហើយសម្រាប់ឆ្នុកមួយកន្លែងត្រូវ បង់​លុយ២,៣លានរៀលសម្រាប់​មួយ​រដូវ​ ។

បញ្ហានេះជារឿងដែលថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មិនគួរមើលរំលងតទៅទៀតទេព្រោះអីប្រភពខ្លះបានឲ្យដឹងថា លោក អេង ជាសាន អគ្គនា​យ​ករដ្ឋបាលជលផល ក៏ជាប់ពាក់ព័ន្ធទទួលផលប្រយោជន៍ពីបទល្មើសនេសាទក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ​ដែរ ។

តាមការអះអាងរបស់មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់​ស្វា​យ ខេត្តកំពង់ធំ បានឲ្យដឹងថាលោក យ​៉ាន់ វិសា​ក់ ហៅសែ នាយផ្នែករដ្ឋបាលជលផល​ផាត់​សណ្ដាយ និងបក្ខពួកកំពុងសប្បាយប្រមូលលុយពីក្រុមជនល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយ​ ។ ប្រភពបានឲ្យដឹងទៀតថា មានជនជាតិ​វៀ​ត​ណាមម្នាក់ឈ្មោះ ឡាំង គឺជាអ្នកប្រមូលលុយ​ពីក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់យក​ទ​ៅបង់ឲ្យលោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជល​ផលផាត់សណ្ដាយ ដើម្បីកុំឲ្យបង្ក្រាបពួកគេ ។

មានការរិះគន់ខ្លាំងៗថា អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ និងលោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផល​ខេត្ត​កំពង់ធំ គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសនេសាទដែលកំពុងកើតឡើងយ៉ាងរាលដាលក្នុងផ្ទៃបឹងទន្លេសាបនៅស្រុកកំពង់ស្វាយ និងស្រុកស្ទោងនោះឡើយ ។

ហេតុនេះហើយទើបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់រាលដាលកាន់តែខ្លាំង ហើយសូម្បីតែលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ក៏រក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់៕ ប៊ុនរិទ្ធី


ចែករំលែក៖