បើទោះបីមានកិច្ចពិភាក្សា ដើម្បីកាត់បន្ថយភាពតានតឹងក៏ដូចជានាំមកនៅសន្តិភាពពេញលេញដល់ឧបទ្វីបកូរ៉េ ប៉ុន្តែ កូរ៉េខាងជើង នៅតែបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ការឈ្លានពានពីសត្រូវ ។ កន្លងមកថ្មីគឹបានមើលឃើញមានយន្តហោះចម្បាំងរាប់សិបគ្រឿនជិតព្រំដែន ហើយនៅពេលនេះកូរ៉េខាងជើង ក៏បានចាប់ផ្តើមធ្វើសមយុទ្ធទាហានអាកាសរបស់ខ្លួន ។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន បានត្រួតពិនិត្យមើលដោយផ្ទាល់ការធ្វើសមយុទ្ធកងកម្លាំងទាហានជើងអាកាស ដែលជាសមយុទ្ធលើកទី២ ក្នុងអំឡុងពេល៣ឆ្នាំ ហើយស្របពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានប្រកាសពន្យារពេលការធ្វើសមយុទ្ធជើងអាកាសប្រចាំឆ្នាំរបស់ពួកគេនោះ ។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រកាសថា ពួកគេអាចផ្អាកការធ្វើសមយុទ្ធយោធាជើងអាកាសរួមគ្នា ដែលគ្រោងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ ។ សមយុទ្ធនេះ ត្រូវបានស្គាល់ថា ជាព្រឹត្តិការណ៍ហ្វឹកហាត់ការហោះហើររួមគ្នា ។ គោលជំហរបែបនេះរបស់អាមេរិក និងកូរ៉េខាងត្បូង គឺដើម្បីជួយជំរុញកិច្ចខិតខំកុំឲ្យជាប់គាំងក្នុងដំណើរការចរចាស្វែងរកសន្តិភាពជាមួយរដ្ឋកូរ៉េខាងជើង ។ ទីក្រុងវ៉ាស៊ីនតោនបានបដិសេធន៍ថា គោលបំណងបែបនេះ មិនមែនជាសប្បទានណាមួយដល់កូរ៉េខាងជើងនោះឡើយ ។
សមយុទ្ធកម្លាំងទាហានជើងអាកាស ដែលកាលពីគ្រាកន្លងមក គឺជាការបង្ហាញសេនារីយ៉ូប្រយុទ្ធតាមផ្លូវអាកាស ក្នុងនោះមានការចូលរួមពីយន្តហោះចម្បាំងច្រើនប្រភេទរបស់អាមេរិក ហើយនិងកូរ៉េខាងត្បូង ។
សារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី១៨ ខែវិច្ឆិកា បានផ្សាយថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់ការធ្វើសមយុទ្ធទាហានជើងអាកាស។ កម្លាំងទាហានជើងអាកាសកូរ៉េខាងជើងធ្វើសមយុទ្ធចុះចតនៅលើដែនអាកាស ។ អង្គភាពទាហានប្រឆាំងយន្តហោះចម្បាំង និងដែនអាកាសរបស់កងកម្លាំងទាហានកូរ៉េខាងជើង ជាអ្នកធ្វើលំហាត់សមយុទ្ធនេះ ។
សារព័ត៌មាន KCNA បានផ្សាយថា លោកគីម ជុងអ៊ុន បានថ្លែងថា ជាការចាំបាច់នៅក្នុងការធ្វើសមយុទ្ធមួយ ដែលគ្មានការជូនដំណឹងជាមុន ក្រោមលក្ខខណ្ឌជាក់ស្តែង នៃសង្គ្រាមពិតប្រាកដ សម្រាប់ “ការធ្វើឱ្យប្រសើរឡើងនូវការត្រៀមលក្ខណៈ” របស់អង្គភាពយោធាកូរ៉េខាងជើង ៕