ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ស្រីលង្កាបានចាប់ផ្តើម កាលពីថ្ងៃទី១៦ខែវិច្ឆិកា ដោយមានពលរដ្ឋ ជាង១៦លានាក់ទៅចូលរួមបោះឆ្នោត។ តាមលទ្ធផលជាបណ្តោះអាសន្ន អតីតមេទ័ពក្នុងសង្រ្គាមស៊ីវិលស្រីលង្កាទទួលជ័យជំនះ យ៉ាងធំធេង នៅក្នុងការបោះឆ្នោតប្រធានាធិបតី ។ លទ្ធផលឆ្នោតឆ្នោតដែលបានប្រកាសកាលពីថ្ងៃ ទី១៧វិច្ឆិកា បង្ហាញថា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ (Gotabaya Rajapaksa) ដែលជាប្អូនប្រុសរបស់អតីតប្រធានាធិបតី ម៉ាហិនដា រ៉ាចាប៉ាក់សេ បានទទួលសំឡេងឆ្នោត ៥២% ចំណែក គូប្រជែង មកពីគណបក្សកាន់អំណាចប្រកាសចុះចាញ់ តាំងពីមុនការប្រកាសលទ្ធផលឆ្នោត។ តាមគម្រោង លោកហ្គូតាបាយ៉ានឹងត្រូវស្បថចូលកាន់តំណែងប្រធានាធិបតីស្រីលង្កា នៅថ្ងៃចន្ទស្អែក។
គណៈកម្មការបោះឆ្នោត ស្រីលង្កា ទើបបានប្រកាសជាផ្លូវការថា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ ជាអ្នកទទួលជ័យជំនះ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃសៅរ៍ ជាមួយនឹងសំឡេងឆ្នោតគាំទ្រ ៥២% នៅពេល គូបដិបក្ខរបស់លោកមកពីគណបក្សកាន់អំណាច បានទទួលសំឡេងឆ្នោត តែ៤១%ប៉ុណ្ណោះ។
នៅពេលលោក សាជិត ប្រេមាដាសា បេក្ខជនបក្សកាន់អំណាចសព្វថ្ងៃ មានទំនោរទៅខាងប្រទេសឥណ្ឌា ហើយនិងអាមេរិក បេក្ខជនបក្សប្រឆាំង លោកហ្គោតាបាយ៉ា ធ្លាប់បាននិយាយដោយមិនលាក់លៀមថា ប្រសិនបើលោកឈ្នះឆ្នោត នោះរដ្ឋាភិបាល របស់លោកនឹងស្តារឡើងវិញ ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តចិន។
នៅក្នុងអាណត្តិដឹកនាំរបស់លោកម៉ាហិនដា រ៉ាចាប៉ាក់សេ ដែលជាបងប្រុសរបស់លោកហ្គូតាបាយ៉ា ប្រទេសចិនបានផ្តល់ប្រាក់កម្ចី រាប់ពាន់លានដុល្លារ ដល់រដ្ឋាភិបាលស្រីលង្កា ដែលក្នុងនោះភាគច្រើន ជាគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុនចិនជាច្រើនត្រូវបានគេចោទប្រកាន់ថា ជាអ្នកចិញ្ចឹមអំពើពុករលួយរបស់មន្រ្តីរដ្ឋាភិបាល ស្រីលង្កា លួចផ្តល់ជំនួយហិរញ្ញវត្ថុ ដើម្បី ជំរុញប្រជាប្រិយភាពរបស់បេក្ខជនគណបក្សនយោបាយ និងលួចបញ្ចូល ចំណុច ដែលអាចរំលោភអធិបតេយ្យភាពស្រីលង្កាក្នុងកិច្ចសន្យាវិនិយោគជាមួយ រដ្ឋាភិបាលស្រីលង្កា។ ជាប់វ័ណ្ឌក នឹងប្រាក់បំណុលរបស់ចិន ស្រីលង្កាដែលគ្មានសមត្ថភាពសងការប្រាក់ បំណុល រាប់ពាន់លានដុល្លាររបស់ចិន បានប្រគល់ កំពង់ផែទឹកជ្រៅ នៅក្នុងមហាសមុទ្រឥណ្ឌា ទៅឲ្យចិនគ្រប់គ្រងរយៈពេល ៩៩ឆ្នាំ។
បេក្ខជនបក្សប្រឆាំង គឺលោកហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ ទទួលជ័យជំនះ នៅក្នុងការបោះឆ្នោត លើកនេះ គឺអាចមានន័យច្រើនយ៉ាង សម្រាប់ស្រីលង្កា។
ទី១ ស្រីលង្កា ត្រូវត្រលប់មកធ្លាក់ក្នុងកណ្តាប់ដៃគ្រប់គ្រងរបស់ត្រកូលរ៉ាចាប៉ាក់សេសាជាថ្មី។ បងប្រុសរបស់លោកហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ គឺលោកម៉ាហិនដា រ៉ាចាប៉ាក់សេធ្លាប់ធ្វើជាប្រធានាធិបតី ស្រីលង្កាដល់ទៅពីរអាណត្តិ ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៥។ នៅក្នុងអាណត្តិដឹកនាំរបស់ប្រធានាធិបតីដែលជាបងប្រុស លោកហ្គូតាបាយ៉ា ជាមេទ័ព ដឹកនាំ ធ្វើសង្រ្គាម បង្រ្កាបទាំងស្រុង ពួកឧទ្ទាមខ្លាតាមូល។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក លោកហ្គូតាបាយ៉ាធ្លាប់បានបង្ហាញពីក្តីប្រាថ្នា ចង់ឲ្យបងប្រុសគឺលោកម៉ាហិនដា រ៉ាចាប៉ាក់សេ ដែលធ្លាប់ធ្វើជាប្រធានាធិបតី កាន់តំណែងនាយករដ្ឋមន្រ្តី។ ទោះបីជាតំណែងនាយករដ្ឋមន្រ្តី ត្រូវជ្រើសតាំងចេញពីការបោះឆ្នោតសភា នៅឆ្នាំក្រោយ ប៉ុន្តែ ជាមួយនឹងសំឡេង គាំទ្រខ្លាំងសព្វថ្ងៃ នេះ គណបក្សប្រឆាំង របស់លោកហ្គូតាបាយ៉ា នឹងអាចសម្រេចមហិច្ឆតាមួយ ដែលនឹងធ្វើឲ្យត្រកូលរ៉ាចាប៉ាក់សេ ក្តោបក្តាប់អំណាចទាំងស្រុង នៅស្រីលង្កា។ អាចថា អំណាចត្រូវចែកចាយតែរវាងបងប្អូនគ្រួសាររ៉ាចាប៉ាក់សេ។ បងប្រុសធ្លាប់ធ្វើជាប្រធានាធិបតី ត្រូវមកធ្វើជានាយករដ្ឋមន្រ្តី ចំណែក ប្អូនប្រុស ដែលធ្លាប់ជាមេទ័ព ឡើងមកធ្វើជា ប្រធានាធិបតី វិញតែប៉ុណ្ណោះ។
ទី២ ភាពភ័យខ្លាចពីការរំលោភសិទ្ធិមនុស្ស ហើយនិង ភាពតានតឹងរវាងសហគមន៍សាសនា និងជនជាតិភាគតិចនឹងអាចត្រលប់មកកើតឡើងវិញសាជាថ្មី។ តាមរយៈការរាប់សន្លឹកឆ្នោត ថ្ងៃនេះ គេឃើញថា លោក ហ្គូតាបាយ៉ា ដែលជាអ្នកនយោបាយជាតិនិយមបានទទួលសំឡេងឆ្នោត គាំទ្រច្រើន នៅក្នុងតំបន់ដែលសំបូរ ជនជាតិស្រីលង្កា កាន់សាសនា ព្រះពុទ្ធ។
ចំណែក នៅក្នុងតំបន់ភាគខាងជើង ដែលសំបូរប្រជាជនតាមូល ហើយនិងប្រជាជនកាន់សាសនាអ៊ីស្លាម លោកហ្គូតាបាយ៉ា ចាញ់សំឡេងដាច់ បើប្រៀបធៀបនឹងគូប្រជែង មកពីគណបក្សកាន់អំណាច។ ទាំងប្រជាជនតាមូល ហើយនិងអ្នកកាន់សាសនាអ៊ីស្លាម មិនប្រាថ្នាចង់ឲ្យលោកហ្គូតាបាយ៉ា អ្នកនយោបាយជាតិនិយម ឈ្នះឆ្នោតនោះទេ ព្រោះថា លោកហ្គូតាបាយ៉ា នេះឯង ធ្លាប់ជាអ្នកបានដឹកនាំធ្វើសង្រ្គាម សម្លាប់ពួកឧទ្ទាមខា្លតាមូលកាលពី ១០ឆ្នាំមុន នៅក្នុងអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី ម៉ាហិនដា ដែលជាបងប្រុស។
មួយវិញ ទៀត នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កន្លងមក លោកហ្គូតាបាយ៉ា បានប្រកាសថា លោកនឹងសើរើឡើងវិញ កិច្ចសន្យាជាមួយអង្គការសហប្រជាជាតិ ដែលនៅក្នុងស្រីលង្កាបានយល់ព្រម ធ្វើនយោបាយផ្សះផ្សារជាតិ ហើយនិងផ្តន្ទាទោស ឧក្រិដ្ឋជនដែលបានសម្លាប់រង្គាលប្រជាជនតាមូល នៅក្នុងសម័យសង្រ្គាមស៊ីវិល។ សម្រាប់ លោកហ្គូតាបាយ៉ាដែលជាអ្នកដឹកនាំធ្វើសង្រ្គាម ប្រឆាំងពួកឧទ្ទាមខ្លាតាមូល ដែលក្នុងនោះ មានស្លាប់ប្រជាជនស៊ីវិល ១សែននាក់ កិច្ចសន្យាជាមួយអង្គការសហប្រជាជាតិ ដើម្បី ស្វែងរកផ្តន្ទាទោស ឧក្រិដ្ឋជនសង្រ្គាម គឺជារឿងខុសច្បាប់៕