ព័ត៌មានទាន់ហេតុការណ៍៖

យុវតីម្នាក់អាយុ១៥ឆ្នាំបានហូបផ្លែភ្ញៀវអស់៧ផ្លែ ស្រាប់តែចុកពោះ ក្អួត​ ទន់ដៃជើង

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវតីម្នាក់សង្ស័យពុលផ្លៃភ្ញៀវ ក្អួត និងចុកពោះ ពេលដែលរូបនាងបានទៅទិញផ្លែភ្ញៀវចំនួន១គីឡូក្រាម នៅក្នុងភូមិ យកមកហូប ១សន្ទុះក៏ចុកពោះវិលមុខ ក្អួត ចង្អោ ស្រែកឲ្យម្ដាយ ឪពុកជួយ ភ្លាមៗនោះ យុវតីរងគ្រោះត្រូវបានឪពុក និងម្ដាយលើកដាក់ម៉ូតូដឹកពី ចំណុចភូមិស្ពានអូរស្ពឺ ស្រុកសំឡូត ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិ ឃុំ កើតហេតុខាងលើ ។ យុវតីរងគ្រោះឈ្មោះពៅ ស្រីមុំ អាយុ១៥ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង បច្ចប្បន្នរស់នៅភូមិ ឃុំ កើតហេតុ ។

បើតាមសំដីរបស់យុវតីរងគ្រោះបាននិយាយប្រាប់ម្ដាយដឹងថា មុនពេលកើតហេតុ នាងបានដើរទៅទិញផ្លែភ្ញៀវនៅចុងភូមិ យកមកហូប កំពុងតែហូបផ្លែភ្ញៀវអស់ប្រហែល៧ផ្លែ មួយសន្ទុះក្រោយមកស្រាប់តែចុកពោះ ក្អួត ទន់ដៃជើង រួចក៏ស្រែកហៅឪពុក និងម្ដាយបងប្អូនជួយ ខណៈនោះឪពុក និងម្ដាយមកដល់ ឃើញកូនស្រី មានសភាពធ្ងន់ពេក ក៏លើកកូនដាក់លើម៉ូតូដឹកចេញពីផ្ទះ នៅភូមិស្ពានអូរស្ពឺ ស្រុកសំឡូត ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ៕ ស សារ៉េត


ចែករំលែក៖