ភ្នំពេញ៖ ស្ត្រីរងគ្រោះម្នាក់ បានទុកម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីនិចទុក នៅក្នុងខុនដូរមួយកន្លែងយីហោ បាលីស្រាប់តែត្រូវជនសង្ស័យ ២នាក់ ជាជនជាតិចិន លួចកាច់.កម៉ូតូ យកទៅបាត់ បានមួយថ្ងៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ២១៤ ត្រង់ចំណុចក្បែរនឹងខារ៉ាអូខេ X2 ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១- ឈ្មោះ WANG YIN អាយុ ២៨ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារឋានសួគ៍ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ គ្មានលិខិតឆ្លងដែន មុខរបរគ្មាន ។ ២- ឈ្មោះ LI JIAXIN អាយុ ១៧ឆ្នាំ ជនជាតិ ចិន ស្នាក់នៅមិនពិតប្រាកដ គ្មានលិខិតឆ្លងដែន មុខរបរគ្មាន ។ ៣- ឈ្មោះ ZHANG LENLING អាយុ ២៤ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះមិនខចាំ អាស័យដ្ឋាន មុខរបរ បុគ្គលិកទីផ្សារសណ្ឋាគារស្តារអន្តរជាតិ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ កង លីតា ភេទស្រី អាយុ ២១ឆ្នាំ ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ នៅម៉ោង ៨ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គាត់បានចេញមកពីផ្ទះ បំណងទៅកន្លែងធ្វើការនៅផ្លូវកៅស៊ូថ្មី ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន យីហោឈ្មោះបាលីN1 ពេលទៅដល់ បានមួយសន្ទុះ ស្រាប់តែមានជនសង្ស័យ២នាក់ ជាជនជាតិចិនជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer-X ពណ៌ទឹកបិច ពាក់ស្លាក លេខ ភ្នំពេញ 1GD-5134 បានមកធ្វើសកម្មភាព លួចកាច់កម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ DF-2129 បានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល ។
លុះពេលមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោងកើតហេតុសមត្ថកិច្ចស្រាវជ្រាវរកឃើញជនសង្ស័យទាំង ៣នាក់ កំពុងតែបើម៉ូតូ Zoomer-X តាមផ្លូវលេខ២១៤ ក៏ឃាត់ខ្លួន យកទៅសួរនាំនៅឯប៉ុស្តិ៍រដ្ឋបាល នគរបាលទន្លេបាសាក់តែម្ដង ។
ក្រោយកើតហេតុ ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំរកបក្ខពួក ៕ ជ្រោយពេជ្រ