ភ្នំពេញ៖ បំពេញការងារចប់សប់គ្រប់ក្នុងនាមជាតារាបង្ហាញម៉ូតតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅប្រទេសហ្វីលីពីន ទ្រី តារាវុធ បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្តខ្លាំង។ ការពេញចិត្តព្រោះតែសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ តារារូបនេះមិនចាញ់អ្នកបង្ហាញម៉ូតមកពីបណ្តាប្រទេស២០ផ្សេងទៀតដែលចូលរួមព្រឹត្តិការណ៍ដ៏ធំនេះនោះទេ។
ថ្លែងពីប្រទេសហ្វីលីពីន មុនពេលចាកចេញមកកម្ពុជា ទ្រី តារាវុធ លើកឡើងថា លោកពិតជារំភើបខ្លាំងដែលទទួលបានឱកាសចេញទៅប្រកួតកម្មវិធីលំដាប់អន្តរជាតិជាថ្មី ហើយកម្មវិធីនេះតំណាងពីកម្ពុជាគឺជាលើកដំបូងគេ។
លោកថា ទទួលបានបទពិសោធន៍ការទំនាក់ទំនងល្អ ពិសេសការភ្ជាប់ឱកាសការងារជាសាកលមួយ ដែលលោករំពឹងថា នឹងទទួលបាននៅថ្ងៃខាងមុខ។ លោកថា ជាកម្មវិធីដែលនឹងដឹកនាំឱកាសឲ្យតារាបង្ហាញម៉ូតប្រុសស្រីប្រមាណជិត៤០នាក់បានស្គាល់ និងភ្ជាប់ទំនាក់ទំនងមិត្តភាព ការងារនិងចែករំលែកបទសោធន៍គ្នាទៅវិញទៅមក។
លោកថា ទោះមិនទទួលបានពានរង្វាន់ឯកក្នុងកម្មវិធីមែន ប៉ុន្តែលោកមានមោទភាពរួចជាស្រេចដែលបានក្លាយជាបេក្ខជនដំបូងគេពីកម្ពុជាចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះ។ លោកថាមានផលិតករបរទេសមួយចំនួនទំនាក់ទំនង និងបង្ហើបពីគម្រោងលើការងារបង្ហាញម៉ូតនៅថ្ងៃអនាគត។
គួរបញ្ជាក់ដែរថា តារាសម្តែង បង្ហាញម៉ូត និងពិធីករ ទ្រី តារាវុធ ទទួលបានឱកាសពីក្រុមហ៊ុន Arise Agency ជាថ្មី ដើម្បីចេញទៅប្រកួតក្នុងកម្មវិធីប្រកួតបង្ហាញម៉ួត Global Asian Model នាប្រទេសហ្វីលីពីនកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ។
ការចេញដំណើរលើកនេះក្រោយពីតារារូបនេះទើបនឹងទទួលបានញញឹមស្រស់ស្អាតបំផុតមួយពីកម្មវិធីMan Of The Year នៅប្រទេសមីយ៉ាន់ម៉ាកាលពីអំឡុងពាក់កណ្តាលខែកញ្ញាកន្លងទៅ។ ការចេញទៅបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិនេះក៏ស្របពេលដែលភាពយន្តរឿងកំប្លែងនិងភ័យរន្ធត់ រឿង “កុំងាកក្រោយ” ដែលតារារូបនេះសម្តែងជាតួឯកត្រៀមចាក់បញ្ចាំងនៅរោងភាពយន្តនៅខែធ្នូខាងមុខនេះផងដែរ៕ វឌ្ឍនា