ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្មីៗនេះថា ផលិតផលឱសថ និងគ្រឿងសម្អាង ដែលកំពុងត្រូវបានផ្សព្វផ្សាយ លក់នៅហ្វេសប៊ុក ឈ្មោះ Helen Store ដូចជា ផលិតផលឱសថ ១ AGELESS EYE ២. NEURO-PEAK ៣. Acnetame ៤. CHRCOAL SCRUB ៥. Bluberry Oxygen Facial Scrub ៦. Grapefruit Scrub ៧. JOICO Daily Care ៨. JOICO Moisture Recovery ៩. JOICO Colore Endure និង ផលិតផលឱសថ គ្រឿងសម្អាង ជាច្រើនមុខទៀត គឺជាឱសថ និងផលិតផល គ្មានចុះបញ្ជិកា គ្មានលេខប្រវេទន៍ គ្មានការពិនិត្យគុណភាព និងគ្មានច្បាប់ពី ក្រសួងសុខាភិបាលឡើយ។ នេះគឺជាសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៅតាមទំព័រហ្វេសប៊ុក របស់ខ្លួន ។
សេចក្តីប្រកាសដដែល បានបន្ថែមថា ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាលដល់សុខភាព ឬអាចឈានដល់បាត់បង់ អាយុជីវិត អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនដំណឹង ដល់សាធារណជនទាំងអស់ ឈប់ប្រើប្រាស់ផលិតផលឱសថនេះជាបន្តទៀត ។ ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់គណីហ្វេសប៊ុក ខាងលើ ត្រូវបញ្ឈប់ការនាំចូល លក់ ឬ ចែកចាយ និង ផ្សព្វផ្សាយ ផលិតផលឱសថទាំងនេះ ជាបន្ទាន់ ព្រមទាំងប្រមូល មកកម្ទេចចោល ។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ចំពោះម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Helen Store ដែលនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយ ផលិតផលឱសថ ខាងលើនេះ ទៅតាមផ្លូវច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន ។
សេចក្តីប្រកាសដដែល បានសង្កត់ធ្ងន់ថា ករណីបានជួប ឬប្រទះឃើញជនណា កំពុងលក់ ចែកចាយ ឬផ្សព្វផ្សាយ ផលិតផលឱសថ ឬ គ្រឿងសម្អាបខាងលើ សូមប្រញាប់ផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនង តាមទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕ស តារា