ខេត្តកោះកុង៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរបានដឹកនាំមន្ត្រីក្រោមឱវាទ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក) និងយុវជនសាខាកាកបាទក្រហម ស្រុកបូទុមសាគរ ចុះជួយច្រូតស្រូវ និងប្រមូលផលប្រជាពលរដ្ឋ ដែលខ្វះខាតកម្លាំង និងជួបទុក្ខលំបាកក្នុងការ ប្រមូលផលស្រូវ នារដូវប្រាំងនេះ ស្ថិតនៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
លោក ហាក់ ឡេង បានឱ្យដឹងថា ដោយមើលឃើញនូវភាពលំបាករបស់ប្រជាពលរដ្ឋជាស្ត្រីមេម៉ាយម្នាក់ ឈ្មោះ សំ មិន ដែលខ្វះខាតក្នុងជីវភាព និងកម្លាំងពលកម្ម ក្នុងការច្រូតស្រូវប្រមូលផលចូលលំនៅដ្ឋាន ហើយខ្វះថវិកាដើម្បីជួលគេជួយច្រូតស្រូវ ក្នុងការប្រមូលផលស្រូវយកមកទុកដាក់ដើម្បីផ្គត់ផ្គង់ស្បៀងអាហារ អាជ្ញាធរស្រុកបទុមសាគរបានដឹកនាំមន្ត្រីក្រោមឱវាទ និងមានការចូលរួមចំណែកពីយុវជនស្ម័គ្រចិត្ត ស.ស.យ.ក និងយុវជនកាកបាទក្រហមកម្ពុជា នៃស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីជួយដល់កម្លាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះនៅការខ្វះខាតកម្លាំងពលកម្មប្រមូលផលកសិកម្ម ឬនេសាទជាដើម។ នេះជាការប្រពៃណាស់ ព្រោះនៅពេលដែលបងប្អូនប្រជាពលរដ្ឋខ្វះខាតកម្លាំងពលកម្ម បានប្រាប់មកអាជ្ញាធរ ដើម្បីជួយដោះស្រាយ ជួយជាកម្លាំងពលកម្មក្នុងការប្រមូលផលកសិកម្ម បានមួយកម្រិតធំដល់គាត់។ លោកក៏សូមឲ្យប្រជាពលរដ្ឋមួយចំនួន តែងខ្វះខាតកម្លាំងពលកម្ម ក្នុងការប្រមូលផលកសិកម្ម សូមរាយការណ៍ជូនមកអាជ្ញាធរដែនដី ឬភូមិ ឃុំ ដើម្បីឲ្យលោកបានដឹងដើម្បីជួយឱ្យបានទាន់ពេលវេលា ទោះបីស្ថិតក្នុង ស្ថានការណាក៏ដោយ អាជ្ញាធរមិនព្រងើយកន្តើយ ជាមួយនឹងប្រជាពលរដ្ឋឡើយព្រោះនេះជាកាតព្វកិច្ចរបស់អាជ្ញាធរ ដែលទទួលខុសត្រូវនឹងមើលថែ ប្រជាពលរដ្ឋឱ្យមានសុខដុមរម្យនា ដោយមិនប្រកាន់នៅនិន្នាការនយោបាយណាមួយឡើយ ពីព្រោះបងប្អូនប្រជាពលរដ្ឋគឺជាជាតិសាសន៍ឈាមជ័រខ្មែរតែមួយ ដូច្នេះទុក្ខកង្វល់ប្រជាពលរដ្ឋ ក៏ដូចទុក្ខកង្វល់របស់អាជ្ញាធរដែរ។
ស្ត្រីមេម៉ាយឈ្មោះ សំ មិន បាន ឲ្យដឹងថា គាត់ជាស្ត្រីមេម៉ាយខ្វះខាតទាំងជីវភាពខ្វះខាតទាំងថវិកា ខ្វះខាតទាំងកម្លាំងពលកម្ម គាត់មានតែមុខរបរធ្វើកសិកម្ម ដាំស្រូវឬបន្លែបន្តិចបន្តួច ហើយក្នុងរដូវការស្រូវទុំគាត់មានការខ្វះខាតកម្លាំងពលកម្មថវិកា ដើម្បីជួលគេច្រូតនោះខ្លាំងណាស់ ដូច្នេះហើយទើបគាត់សម្រេចចិត្តរាយការណ៍ ទៅថ្នាក់ភូមិឃុំអាជ្ញាធរស្រុក ដើម្បីឲ្យគាត់ជួយដោះស្រាយក្នុងការច្រូតស្រូវដើម្បីប្រមូលផលចូលផ្ទះ ព្រោះគាត់មានការលំបាកពេក ព្រោះគាត់រស់នៅជាស្ត្រីមេម៉ាយ ចិញ្ចឹមថែបីបាច់កូនថែមទៀតផង។
ជាមួយនេះដែរស្រ្តី សំ មិន បានថ្លែងអំណរអគុណដល់អាជ្ញាធរ ដែលបានជួយកាត់បន្ថយកម្លាំងពលកម្មដល់ក្រុមគ្រួសារគាត់ ដោយក្តីញញឹមរីករាយ ដោយមិនប្រកាន់វណ្ណៈនោះទេ ៕ ប្រាថ្នា