ភ្នំពេញ៖ រថយន្តធុនធំសរុបចំនួន៥១គ្រឿង ដែលបើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌកំបូល ឃាត់ត្រួតពិនិត្យអ្នកបើកបរ ដើម្បីរកសារធាតុញៀនជាក់ស្តែងរកឃើញមនុស្ស៦នាក់ ដែលធ្វើតេសទឹកនោមមានសារធាតុញៀន រួចនាំយកមកសាកសួរចាត់ការតាមនីតិវិធី ។
ប្រតិបត្តិការត្រួតពិនិត្យខាងលើនេះ អនុវត្តន៍តាមបទបញ្ជាលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយលោក ហោ វាសនា អភិបាលរងខណ្ឌ បានចាត់ឲ្យលោក ទ្រី ណារ៉េត នាយករងរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងអធិការខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងសន្តិសុខខណ្ឌចុះត្រួតពិនិត្យនិងធ្វើតេស្តទឹកនោមអ្នកបើកបរដើម្បីរកសារធាតុញៀនស្ថិតនៅភូមអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រតិបត្តិការនោះកម្លាំងចូលរួមសរុបមាន ៣៥នាក់ ៖ មន្ត្រីសាលាខណ្ឌ ៥នាក់ ;កម្លាំងនគរបាលខណ្ឌ១៥នាក់ ;កម្លាំងកងរាជអាវុធហត្ថ៤នាក់ ;កម្លាំងសន្តិសុខសាលាខណ្ឌ១១នាក់ ។ ជាលទ្ធផលត្រួតពិនិត្យរថយន្តសរុបចំនួន៥១គ្រឿងត្រួតពិនិត្យរថយន្ត និងឃាត់រថយន្តគ្មានផ្លាកលេខសរុបចំនួន៥គ្រឿង ។
ក្រោយឃាត់ខ្លួនអ្នកបើកបរដែលមានសារធាតុញ្ញៀនចំនួន៦នាក់ រួចបានបញ្ជូនទៅអធិការនរគបាលខណ្ឌកំបូលដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕សុខា សែនជ័យ