ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតមន្ទីរ​សម្រាក​ព្យាបាលជងឺ «​សុខា​ប៉ោយ​ប៉ែ​ត» ល្បីព្យាបាលមនុស្សស្លាប់ត្រូវបិទទ្វារ

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ទីបំផុតមន្ទីរ​សម្រាក​ព្យាបាលជងឺ«​សុខា​ប៉ោយ​ប៉ែ​ត» ​មា​នទី​តាំងស្ថិត​នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​​និង​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវបានក្រសួងសុខាភិបាលបានបញ្ជាឲ្យបិទធ្វើអាជីវកម្មហើយ បន្ទាប់ពីមានរឿងអាស្រូវព្យាបាលមនុស្សបណ្តាលឲ្យស្លាប់ច្រើនលើក ។ មន្ទីរសម្រាកព្យាបាលជំងឺខាងលើនេះ គេ​បាន​​ឃើញម្ចាស់រុះ​​រើទម្លាក់ប៉ាយយីហោចុះ​តាំងពី​​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ​ដោយ​បន្ត​រើ​សម្ភារចេញ​​​រហូតយប់​ ។​

គួរ​បញ្ជាក់​ថា​ មុនពេល​មន្ទីរ​សម្រាក​ព្យាបាល​សុខា​ប៉ោយ​ប៉ែ​ត​ រុះរើ​ទម្លាក់​ប៉ាយ​នេះ គឺមាន​ស្ត្រី​រង​គ្រោះ​ម្នាក់​ឈ្មោះ​ទេ​ព្យ​ ចិន្តា ​អាយុ​៤០​ឆ្នាំ ​ជា​កម្មករ​រោងចក្រ​ និង​មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រិច​សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​អាកា​រ​មិន​ស្រួលខ្លួន​ឈឺក្បាល ​និង​អស់កម្លាំង​បាន​ទៅ​ព្យាបាល​ទីនោះ​ តែ​ក្រោយ​បន្តោងសេរ៉ូម​ដល់​កំប្លោក​ទី៣ ​ជន​រង​គ្រោះ​បែរ​ជា​មាន​សភាព​ធ្ងន់ធ្ងរឡើយទៅវិញ ។

​ប្រភពបន្តថា​ ខណៈ​ដឹក​បញ្ជូន​ជនរងគ្រោះ​​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ ក្រុង​ប៉ោយ​ប៉ែ​ត​ ​​ក៏​បាន​បាត់បង់ជីវិត​តែម្តង ​។​ ​​ដំបូង​ក្រុម​គ្រួសា​និង​សាច់ញាតិ​បាន​ឡាំប៉ា​ថា​ និង​ដាក់​ពាក្យបណ្តឹង​ពី​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ខាងលើ​ តែ​ក្រោយមក​បែ​រជា​លោក​វ៉ា​ន់ ​ចេស​ ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ប្រាប់​អ្នក​ព័ត៌មាន​វិញ​ថា ​គ្រួសារ​រង​គ្រោះ​និង​ខាង​លោក​ព្រម​ទទួលយក​កា​ដោះស្រាយ​គ្នា​ហើយ​ ។​

ពាក់ព័ន្ធ​ដំណោះស្រាយ​នេះ​ ប្រភព​ថា​តំណាង​ភាគី​រង​គ្រោះ​ទាមទារ​១ម៉ឺន​ដុល្លា​រ តែ​បញ្ចប់​ត្រឹម​5000​ដុល្លារ​។​យ៉ាងណា​ក៏​ដោយ ពេល​សាកសួរ​តាម​ទូរស័ព្ទ​រឿង​ដំណោះស្រាយ​ថា​ តើ​ដូច​ប្រភព​ដែល​គេ​ទទួល​បាន​ឬទេ? ​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​សុខា​ប៉ោយ​ប៉ែ​ត ​និង​ជា​មន្ត្រី​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​បែ​ត​ផង​ លោក​វ៉ា​ន់ ចេស​ បានបដិសេធសុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ។​

លោក​វ៉ា​ន់ ចេស​ ប្រាប់ថា ការ​ទម្លាក់​ប៉ាយ​មន្ទីរ​សម្រាក​ព្យាបាលរបស់លោកនាពេលនេះ គឺលោកធ្វើតាមខាង​ក្រសួងសុខាភិបាលបញ្ជាឲ្យ​បិទ​អាជីវកម្ម​លោក​ហើយ ​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា មកនេះ​ ។ ​បើ​ទោះជា​ទីតាំង​សម្រាក​ព្យាបាល​សុខា​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​ក្រសួង​សុខាភិបាល​តម្រូវឱ្យ​បិទទ្វារ​ តែ​គេ​ឃើញ​ក្រុម​គ្រូពេទ្យនាំគ្ណា​រើ​សម្ភារចូល​ទៅ​ទីតាំង​ចាស់​មួយទៀត ​ដែល​មាន​យីហោ«បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជម្ងឺ​VANNCHES MEDICAL CABINET»​ដែល​ទីតាំង​ចាស់​មួយ​នេះ​ ជា​របស់​លោក​វ៉ា​ន់​ ចេស នេះ​ដដែល​ ។ ឃើញសកម្មភាពបែបនេះ អ្នកសារព័ត៌មានសួរ​ថា​ តើ​ត្រឹមត្រូវ​នឹង​ច្បាប់​របស់​ក្រសួង​សុខាភិបាលដែរ​ទេ? ​លោក​វ៉ា​ន់ ចេស​ និយាយ​យ៉ាង​សុភាព​គួរ​ឱ្យអាណិត​ថា​ «បង​អើយ ​ខ្ញុំ​ធ្លាក់​ដុនដាប​គេ​បិទ​គ្លីនិក​ខ្ញុំ​ៗ​បើក​ជា​លក្ខណៈ​CABINET​តូចតាច​ ដើម្បី​ច​ិញ្ចឹ​ម​ឆ្នាំង​ទេ​ គ្មានចង់ធ្វើមានបានឡើយ » ៕ ប្រាថ្នា


ចែករំលែក៖