ភ្នំពេញ ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា អាជ្ញាធរតាមបណ្ដាខណ្ឌចំនួន១៤ក្នុងរាជធានីភ្នំពេញ ដូចជាមិនសូវយកចិត្តទុកដាក់ចំពោះរថយន្តធុនធំដូចជា រថយន្តដឹកទំនិញលើសទំងន់ ; រថយន្តបែនដឹកដី ;គ្រឿងចក្រកាយដី របស់ក្រុមហ៊ុនមួយចំនួនដែលកន្លងមកបើកបរមិនប្រយ័ត្ន តែងតែធ្វើឲ្យប៉ះពាល់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) បង្កឲ្យមានការកាត់ដាច់ចរន្តអគ្គិសនី ។
ជាក់ស្តែងយោងតាមមន្រ្តីអគ្គិសនីកម្ពុជា បានបញ្ជាក់ថា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F9) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖(១) ផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ (២)សង្កាត់ព្រែកលៀប (៣)ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មូលហេតុនៃការដាច់ចរន្តនេះ ដោយសារតែរថយន្តដឹកដី បើកទាក់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ។ ភ្លាមនោះក្រុមការងារបច្ចេកទេស បានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ២និង០៥នាទីរសៀលថ្ងៃដដែល ។
ចុងក្រោយមន្រ្តីអគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ ៕ស តារា