ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ម៉ូតូបានហើយ រត់មិនរួចពីនគរបាលខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៣នាក់ បានធ្វេីសកម្មភាពធាក់ម៉ូតូប្តីប្រពន្ធមួយគូនិងដកកាំបិតភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង ៣និង១៥នាទី ទៀបភ្លឺ ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុងមុខរោងចក្រក្លេតភី ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហេីយព្យាយាមគេចខ្លួនតែត្រូវនគរបាលស្រាវជ្រាវតាមចាប់បានមកវិញទាំង៣នាក់ ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ មួន​ ភិរក្ស័​ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​រៀនជួសជុលម៉ូតូ​ ស្នាក់នៅ​ភូមិ​កន្ទោង​ជេីង​ ​សង្កាត់​កន្ទោក​ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ឈ្មោះ​ កែវ សុភាព ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ សាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឈ្មោះ គង់ ប៊ុនសី ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ គា សុភារ៉ា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារដកហូត៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី ២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HI-0319 ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកេីតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានចេញពីធ្វេីការខារ៉ាអូខេនៅផ្លូវចោមចៅ​ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1H1-0319 ឌុបគ្នាបំណងទៅផ្ទះជួល នៅភូមិជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​

ខណ្ឌពោធិ៍សែនជ័យ លុះមកដល់ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ក៏លេចមុខជនសង្ស័យ៣នាក់ បានជិះម៉ូតមកតាមក្រោយ រួចធាក់ផ្តួលម៉ូតូជនរងគ្រោះឲ្យដួលហេីយយកកាំបិតប៉័ងតោ គំរាម កាប់ជនរងគ្រោះទាំងពីរនាក់ហើយជនស្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ហើយនៅថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលបានស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនបានជនសង្ស័យទាំងបីនាក់ និងម៉ូតូរបស់ជនរងគ្រោះខាងលើ នាំមកសាកសួរនៅផ្នែកនគរបាលយុត្តិធម៌នៃអធិដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖