ខេត្តរតនគិរី ៖ គោយន្តកន្ត្រៃសណ្ដោងរ៉ឺម៉កមួយគ្រឿង លួចដឹកឈើគ្រឿងផ្ទះខុសច្បាប់ ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំបង្ក្រាបរឹបអូសប្រគល់ឱ្យជំនាញ នៅវេលាម៉ោង៧និង៤០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលំក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ (ក្រុមហ៑ុនវៀតណាម) ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះចាប់គោយន្តដឹកឈើនោះ មានកម្លាំងកងរាជអាវុធហត្ថស្រុក និងស្នាក់ការលេខ៧៨៩ ចំនួន៧នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំ បានចុះបង្ក្រាបជាក់ស្ដែងគោយន្តកន្ត្រៃដឹកផលនុផលព្រៃឈើដោយគ្មានការអនុញ្ញាតពីជំនាញ។
ការបង្ក្រាបនោះរឹបអូសបានឈើក្ដារប្រភេទលេខ២ចំនួន១៧៥សន្លឹក ស្មើនឹង២.០៨០០ម៉ែត្រគូប គោយន្តកន្ត្រៃភ្ជាប់រ៉ឺម៉កចំនួន១គ្រឿង និងម្ចាស់គោយន្តកន្ត្រៃ ត្រូវបានកម្លាំងអាវុធហត្ថស្រុកធ្វើការឃាត់ខ្លួននិងវត្ថុតាងប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើផងដែរ ៕ ជីវ័ន្ត