ព័ត៌មានទាន់ហេតុការណ៍៖

គោយន្ត​មួយគ្រឿងដឹក​ឈើ​ខុស​ច្បាប់ត្រូវកងរាជអាវុធហត្ថបង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរី ៖ គោយន្ត​កន្ត្រៃ​សណ្ដោង​រ៉ឺម៉ក​មួយ​គ្រឿង​ លួច​ដឹក​ឈើ​គ្រឿងផ្ទះ​ខុសច្បាប់ ត្រូវ​កម្លាំងកងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​បង្ក្រាបរឹបអូសប្រគល់ឱ្យជំនាញ នៅវេលា​ម៉ោង​៧និង៤០​នាទី ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ត្រង់ចំណុច​ផ្លូវលំ​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ ​(​ក្រុមហ៑ុនវៀតណាម​) ស្ថិតនៅ​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី​។

ប្រភព​ពី​កម្លាំងកងរាជអាវុធហត្ថ​ខេត្ត​បាន​ឱ្យដឹង​ថា ក្នុង​ប្រតិបត្តិការ​ចុះ​ចាប់​គោយន្ត​ដឹក​ឈើ​នោះ មានកម្លាំងកងរាជអាវុធហត្ថ​ស្រុក ​និង​ស្នាក់​ការ​លេខ​៧៨៩ ចំនួន​៧​នាក់ ដឹកនាំ​ដោយ លោក​វរសេនីយ៍​ត្រី រស់ វណ្ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ បាន​ចុះបង្ក្រាប​ជាក់ស្ដែង​គោយន្តកន្ត្រៃដឹក​ផលនុផល​ព្រៃឈើ​ដោយ​គ្មានការអនុញ្ញាតពីជំនាញ។

ការ​បង្ក្រាបនោះ​រឹបអូសបាន​ឈើ​ក្ដារ​ប្រភេទលេខ​២​ចំនួន​១៧៥​សន្លឹក ស្មើ​នឹង​២.០៨០០​ម៉ែត្រ​គូប គោយន្ត​កន្ត្រៃ​ភ្ជាប់​រ៉ឺម៉ក​ចំនួន​១​គ្រឿង ​និង​ម្ចាស់​គោយន្ត​កន្ត្រៃ​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​ធ្វើការ​ឃាត់ខ្លួន​និងវត្ថុតាង​ប្រគល់ឱ្យជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ​ផង​ដែរ ​៕ ជីវ័ន្ត


ចែករំលែក៖