ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តស្វាយរៀងឃាត់ជនសង្ស័យ ៣នាក់ជាបន្តបន្ទាប់នាក់ ខណៈកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានជនសង្ស័យ២ក្រុម មានចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ក៏ដូចជានគរបាលខេត្តស្វាយរៀងឃាត់ខ្លួនបានជាបន្តបន្ទាប់​ក្រោយពីធ្វើសកម្មភាពកាច់ករម៉ូតូរបស់ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលពេញក្រុងស្វាយរៀង។

ករណីនេះ កើតឡើងនៅថ្ងៃសុក្រ០៣កើត ខែមិគសិរ ឆ្នាំកុរឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ស្ថិតនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា លើកទី១ក្រុមចោរបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ០១គ្រឿងម៉ាកHONDAសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខស្វាយរៀង1L-2557 ជាកម្មសិទ្ធិរបស់ឈ្មោះ យ៉ាន ចាន់ធឿន ភេទស្រី អាយុ២០ឆ្នាំ មុខរបរនិស្សិត បច្ចុប្បន្នស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ខណៈជនរងគ្រោះចតនៅខាងមុខផ្ទះជួលក្រុមចោរបានកាច់សោររួចជិះចេញទៅក្រុងស្វាយរៀងដោយម៉ូតូជនរងគ្រោះមានបំពាក់តេលេសុវត្ថិភាពធ្វើឲ្យមានការឆោឡោ និងប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ជនសង្ស័យតាមផ្លូវជាតិលេខ១ចម្ងាយ៥គីឡូម៉ែត្ររហូតដល់ចំណុចភូមិស្វាយរៀងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។

ជនសង្ស័យរួមមាន ៖ ១.ឈ្មោះកេត រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ២.ឈ្មោះ វ៉ាន់ ណារិន ហៅថា ភេទប្រុស អាយុ៤១ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រេស ឃុំរកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ រួមនឹងវត្ថុតាងម៉ូតូជិះធ្វើសកម្មភាព០១គ្រឿងម៉ាក់HONDAសេ125 ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1Q-3001។ លុះដល់ម៉ោង ១ និង២០នាទីរសៀលថ្ងៃដដែលក្រុមចោរមួយក្រុមទៀតបានធ្វើសកម្មភាពនៅចំណុចភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានគ្នា០២នាក់ជិះម៉ូតូ០១គ្រឿងដែលជាបក្សពួកក្រុមជនសង្ស័យធ្វើសកម្មភាពខាងលើបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ០១ គ្រឿងទៀតម៉ាក HONDAសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខស្វាយរៀង1O-8846 ដែលជាកម្មសិទ្ធិរបស់ឈ្មោះម៉ង លក្ខិណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពដដែលបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការដេញចាប់រហូតដល់ឃុំធ្មា ស្រុករំដួល កម្លាំងអធិការរដ្ឋាននគរបាលស្រុករំដួល និងកម្លាំងជំនាញខេត្តធ្វើការស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ សុខ ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកតាសុខ ឃុំរៀមកាំស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងវត្ថុតាងម៉ូតូលួចកាច់សោខាងលើ ០១គ្រឿងរីឯជនសង្ស័យធ្វើសកម្មភាព០១នាក់ទៀតរត់គេចខ្លួនបាត់បច្ចុប្បន្នកំពុងធ្វើការស្រាវជ្រាវបន្ត។

បច្ចុប្បន្នជនសង្ស័យធ្វើសកម្មភាពទាំង០២ក្រុមខាងលើរួមនឹងវត្ថុតាងសមត្ថកិច្ចបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖