ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងស្ទាវជាច្រើននាក់ ដែលជក់ចិត្តនឹងការរាំលេងក្នុងក្លិបកំសាន្តត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ធ្វើតេស្ដរកអ្នកប្រើប្រាស់សារធាតុញៀន នៅក្លឹបកំសាន្ដរាត្រី ម៉ាស្ទ័រឌីស្កូក្លឹប រកឃើញមនុស្ស៣០នាក់ក្នុងចំណោម១៦៤នាក់ ដែលញៀនថ្នាំ ។
ការបង្ក្រាបនេះធ្បើឡើងនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចទីតាំង ក្លឹបឌីស្កូ «ម៉ាស្ទ័រក្លឹប» ស្ថិតក្នុងភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពពីនគរបាក្រុងច្បារមនបានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលក្រុងច្បារមន កម្លាំងនគរបាលការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចូលរួមពីអាជ្ញាធរមូលដ្ឋាន មេភូមិ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ក្រុមប្រឹក្សាក្រុងច្បារមន បានចុះត្រួតពិនិត្យករណីអ្នកប្រើប្រាស់សារធាតុញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរង លោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង លោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការក្រុងច្បារមន លោក ព្រំ សារ៉ន ចៅសង្កាត់រការធំ រួមជាមួយកងកម្លាំងនគរបាលជាច្រើននាក់ បានដំណើរការសហការជាមួយម្ចាស់ ក្លិបឌីស្កូ ម៉ាស្ទ័រក្លឹប ឈ្មោះ ហាន លៀងហេង ហៅ ប្រុសអ៊ូច ដោយបានធ្វើតេស្ដរកអ្នកប្រើប្រាស់សារធាតុញៀនតាមរយៈការពិនិត្យលើឧបករណ៍ទំនើបលើអ្នកសង្ស័យសរុប ១៦៤នាក់ស្រី៦២ លទ្ធផលរកឃើញអ្នកមានសារធាតុញៀនចំនួន ៣០នាក់ ស្រី ៧នាក់ ភាគច្រើនមានអាយុចាប់ពីចន្លោះ៣០ឆ្នាំចុះក្រោម ។
ប្រភពបន្តថា ការចះបង្ល្រាបនេះគឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផែនការគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្នាក់ជាតិ គណៈកម្មាធិការគ្រឿងញៀនខេត្តកំពង់ស្ពឺ បានសម្រេចទិសដៅបង្រ្កាបឲ្យអស់ក្នុងឆ្នាំ២០១៩នេះ លើទីតាំងដែលផ្ដល់ឲ្យអ្នកប្រើប្រាស់នូវសារធាតុញៀននៅតាមក្លឹបកំសាន្ដរាត្រី ហាងខារ៉ាអូខេ ទូទាំងប្រទេសក្នុងព្រះរាជាណាចក្រកម្ពុជា ។
បើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជារឿងចាំបាច់ដែលត្រូវតែមានការចូលរួមពីគ្រប់ស្ថាប័នជំនាញនិងអ្នកពាក់ព័ន្ធទាំងអស់ ពិសេស ក្រុមគ្រួសារ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរភូមិ ឃុំ សង្កាត់ នៅមូលដ្ឋាន ទន្ទឹមនឹងការចូលរួម លោកស្នងការក៏ស្នើសុំកិច្ចសហការដោយមិនអាចខ្វះបានគឺ ម្ចាស់ទីតាំងក្លឹបកំសាន្ដរាត្រី ខារ៉ាអូខេ ទាំងអស់ត្រូវតែផ្សព្វផ្សាយឲ្យយល់ជ្រួតជ្រាប លើបញ្ហាគ្រឿងញៀន និងចូលរួមដោយស្មោះស័្មគ្រ ដើម្បីសង្គមយើងគ្មានគ្រឿងញៀន ។
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕ សេនាសក្តិ