ព័ត៌មានទាន់ហេតុការណ៍៖

កំពុងរាំសប្បាយ សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបទាំងយប់ រកឃើញ៣០នាក់ញៀនថ្នាំក្នុងចំណោម១៦៤នាក់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងស្ទាវជាច្រើននាក់ ដែលជក់ចិត្តនឹងការរាំលេងក្នុងក្លិបកំសាន្តត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ ធ្វើ​តេស្ដ​រកអ្នក​ប្រើប្រាស់​សារធាតុ​ញៀន ​នៅក្លឹបកំសាន្ដរាត្រី​ ម៉ា​ស្ទ័រ​ឌីស្កូ​ក្លឹប រកឃើញមនុស្ស៣០នាក់ក្នុងចំណោម១៦៤នាក់ ដែលញៀនថ្នាំ ។

ការបង្ក្រាបនេះធ្បើឡើងនៅយប់ថ្ងៃ​ទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​២​០​១៩​ នៅចំណុចទីតាំង​ ក្លឹប​ឌីស្កូ​ «ម៉ាស្ទ័រ​ក្លឹប​»​ ស្ថិត​ក្នុង​ភូមិ​សំណង់​ សង្កាត់​រការធំ​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ ។

ប្រភពពីនគរបាក្រុងច្បារមនបានឲ្យដឹងថា កម្លាំងនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿ​ង​ញៀន​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំងន​គ​របាល​ក្រុង​ច្បារមន​ កម្លាំងនគរបាល​ការិយា​ល័​យ​អន្ដរាគមន៍​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចូលរួម​ពីអាជ្ញាធរ​មូលដ្ឋាន​ មេភូមិ​ ចៅសង្កាត់​ ក្រុមប្រឹក្សា​សង្កាត់​ ក្រុមប្រឹក្សា​ក្រុង​ច្បារមន​ បាន​ចុះត្រួតពិនិត្យករណី​អ្នកប្រើប្រាស់សារធាតុញៀ​ន​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ម៉ា​ត់​ ធុច​ ស្នងការរង​ លោកឧត្តម​សេនីយ៍​ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ លោកវរសេនីយ៍ឯក​ អ៊ូច​ ហៀង​ អធិការ​ក្រុង​ច្បារមន​ លោក​ ព្រំ​ សារ៉ន​ ចៅស​ង្កាត់​រការធំ​ រួមជាមួយ​កងកម្លាំង​នគរ​បា​ល​ជាច្រើន​នាក់​ បានដំណើរការ​សហការជាមួ​យ​ម្ចាស់​ ក្លិប​ឌីស្កូ​ ម៉ាស្ទ័រ​ក្លឹប​ ឈ្មោះ​ ហាន​ លៀងហេង​ ហៅ​ ប្រុស​អ៊ូច​ ដោយបានធ្វើ​តេស្ដ​រកអ្នក​ប្រើប្រាស់​សារធាតុ​ញៀន​តាម​រយៈ​ការពិនិត្យ​លើឧបករណ៍ទំនើប​លើអ្នក​សង្ស័យសរុប​ ១៦៤នាក់​ស្រី៦២​ លទ្ធផ​ល​រក​ឃើញ​អ្នកមានសារធាតុញៀន​ចំនួន​ ៣០​នា​ក់​ ស្រី​ ៧​នាក់​ ភាគ​ច្រើន​​មានអាយុចាប់ពី​ចន្លោះ​៣០​ឆ្នាំ​ចុះក្រោម​ ។

ប្រភពបន្តថា ការចះបង្ល្រាបនេះគឺយោងតាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ និងផែ​ន​ការគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្នាក់ជាតិ​ គណៈកម្មាធិការ​គ្រឿងញៀន​ខេត្ត​កំព​ង់ស្ពឺ​ បានសម្រេចទិសដៅបង្រ្កាបឲ្យអស់ក្នុង​ឆ្នាំ​២០១៩នេះ​ លើទីតាំងដែលផ្ដល់ឲ្យអ្នកប្រើ​ប្រា​ស់​នូវសារធាតុ​ញៀន​នៅតាមក្លឹបកំសាន្ដរាត្រី​ ហា​ងខារ៉ាអូខេ​ ​ទូទាំង​ប្រទេស​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ។

បើតាម​ការបញ្ជាក់​ឲ្យ​ដឹងពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ថា​ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គឺជារឿង​ចាំបាច់​ដែល​ត្រូវតែមានការចូលរួមពីគ្រប់ស្ថាប័នជំនាញ​និងអ្នកពាក់ព័ន្ធ​ទាំងអស់​ ​ពិសេស​ ក្រុម​គ្រួ​សារ​ អា​ណាព្យាបាល​ លោកគ្រូ​ អ្នក​គ្រូ​ អាជ្ញាធរ​ភូមិ​ ឃុំ​ សង្កាត់​ នៅមូលដ្ឋាន​ ទន្ទឹមនឹងការ​ចូលរួម​ លោកស្នងការ​ក៏ស្នើសុំកិច្ចសហការដោយមិនអា​ចខ្វះបានគឺ​ ម្ចាស់​ទីតាំង​ក្លឹបកំសាន្ដរាត្រី​ ខារ៉ាអូខេ​ ទាំង​អស់​ត្រូវ​តែផ្សព្វផ្សាយឲ្យយល់ជ្រួតជ្រា​ប​ លើបញ្ហាគ្រឿងញៀន​ និងចូលរួមដោយ​ស្មោះស័្មគ្រ​ ដើម្បីសង្គមយើង​គ្មាន​គ្រឿងញៀន​ ។

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕ សេនាសក្តិ


ចែករំលែក៖