ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីរសៀល ដោយមានការចូលរួមពីលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ និងលោក ទៀក ចាន់សារ អធិការនគរបាលខណ្ឌ បានធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបបានជាបន្តបន្ទាប់ករណីផលិតស្លាកលេខយានយន្តក្លែងក្លាយ បានចំនួន៧ទីតាំង ឃាត់ខ្លួនមនុស្សចំនួន ០៦នាក់ ។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ទីតាំងផលិតស្លាកលេខយានយន្តក្លែងក្លាយចំនួន ០៧ទីតាំងខាងលើនេះ ១-ក្នុងភូមិសាស្រ្តសង្កាត់ផ្សារថ្មីទី៣ មានចំនួន ០៣ទីតាំង ឃាត់ខ្លួនមនុស្សចំនួន ០២នាក់ ដកហូតវត្ថុតាង រួមមាន៖ ស្លាកលេខក្លែងក្លាយចំនួន ២២ស្លាក (ស្លាកលេខសុីវិល ១០ស្លាក, ស្លាកលេខនគរបាលចំនួន ៣ស្លាក, ស្លាកលេខខេមរភូមិន្ទចំនួន ០៥ស្លាក, ស្លាកលេខរថយន្ដ ០៣ស្លាក, ស្លាកលេខអ្នកកាសែត ០១ស្លាក) ព្រមទាំងកុំព្យូទ័រ ០២គ្រឿង, ម៉ាសុីនកាត់ស្ទីកគ័រ ២គ្រឿង, ថ្នាំកំប៉ុង ២៤កំប៉ុង, កន្ត្រៃកាត់ស័ង្ហសី ០២ដើម, ដង្កាប់ ០២ដើម និងកន្ត្រៃតូច ០២ដើម ។
២-ក្នុងភូមិសាស្រ្តសង្កាត់បឹងរាំង មានចំនួន ០៣ទីតាំង ឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ ដកហូតវត្ថុតាង រួមមាន៖ ស្លាកលេខក្លែងក្លាយចំនួន ២០ស្លាក (មានស្លាករថយន្ដលេខសុីវិលចំនួន ៣ស្លាក, ស្លាកលេខរថយន្ដនគរបាលចំនួន ០៤ស្លាក, ស្លាកលេខរថយន្ដខេរភូមិន្ទ ០២ស្លាក, ស្លាកលេខម៉ូតូសុីវិលចំនួន ០៨ស្លាក, ស្លាកលេខម៉ូតូនគរបាលចំនួន ០១ស្លាក, ស្លាកលេខម៉ូតូខេរភូមិន្ទ ០១ស្លាក), កន្ត្រៃកាត់ស័ង្ហសី ០១, ដែកឆាបចំនួន ០១ និង ថ្នាំពណ៌ចំនួន ០៦កំប៉ុង ។
៣-ក្នុងភូមិសាស្រ្តសង្កាត់ចតុមុខ មានចំនួន ០១ទីតាំង ឃាត់ខ្លួនមនុស្សចំនួន ០១នាក់ ដកហូតវត្ថុតាង រួមមាន៖ ស្លាកលេខក្លែងក្លាយចំនួន ៣៣ស្លាក (មានស្លាកលេខរថយន្ដសុីវិល ២១ស្លាក, ស្លាកលេខរថយន្ដរដ្ឋ ០២ស្លាក, ស្លាកលេខរថយន្ដចង្កូតស្ដាំ ០៣ស្លាក, ស្លាកលេខម៉ូតូខេរភូមិន្ទ ០៦ស្លាក, ស្លាកលេខម៉ូតូសុីវិល ០១ស្លាក), កន្ត្រៃកាត់ស័ង្ហសី ០១ដើម, កូនសោរលេខ១៤ចំនួន ០១, ម៉ាសុីនកាត់ស្ទីកគ័រ ០១គ្រឿង, កុំព្យូទ័រ ០១គ្រឿង, ថ្នាំពណ៌ ១៥កំប៉ុង និង ម៉ាសុនដាប់ជ្រី ០១គ្រឿង ។
បច្ចុប្បន្ន កម្លាំងជំនាញបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមច្បាប់ ។
ជាការពិតណាស់ថា ករណីស្លាកលេខក្លែងក្លាយបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និង សុវត្ថិភាពសង្គមយ៉ាងខ្លាំង ជាពិសេសសមត្ថកិច្ចជំនាញមានការពិបាកក្នុងការកំណត់មុខសញ្ញាបទល្មើស លួច ឆក់ ប្លន់ បញ្ហាគ្រឿងញៀន ព្រមទាំងធ្វើឲ្យរដ្ឋបាត់បង់ថវិកាជាតិមួយចំនួន ដែលបណ្តាលមកពីយានយន្តមួយចំនួនប្រើប្រាស់ស្លាកលេខក្លែងក្លាយ ពោលគឺបាត់បង់ចំណូលពន្ធមធ្យោបាយដឹកជញ្ជូន ៕ស តារា