ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់បានធ្លាក់ពីលើការដ្ឋានសំណង់ជាន់ទី៣ ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីផឹកស្រាបៀរជាមួយនិងក្រុមការងារអស់មួយកេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចអគារបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ ឆួយ ធី ភេទប្រុស អាយុ៣៩ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុមានស្រុកកំណើតនៅភូមិព្រែកក្តី ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានរាប់រៀបប្រាប់ឲ្យដឹងថា ទីតាំងកន្លែងហេតុដែលជាអាគារបន្ទប់ជួល២ជាន់ ហើយគ្រោងនិងកំពុងសងបន្ថែមបន្ទប់មួយជាន់ទៀតនៅជាន់ទី៣ ។ រីឯជនរងគ្រោះខាងលើ បានមកស្នាក់នៅនិងធ្វើការនៅទីតាំងកន្លែងកើតហេតុប្រមាណមួយខែមកហើយ ហើយជារៀងរាល់ថ្ងៃជនរងគ្រោះតែងតែផឹកស្រាកន្លះលីត្រទៅមួយលីត្រ មុន និងក្រោយពេលធ្វើការជាប្រចាំ ។
ប្រភពដដែលបន្តថា កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា នៅមុនពេលកើតហេតុ បន្ទាប់ពីបញ្ចប់ការងារជនរងគ្រោះ និងកម្មករចំនួនបួននាក់ទៀតបាននាំគ្នាផឹកស៊ីនៅទីតាំងកើតហេតុយ៉ាងសប្បាយរីករាយ ។ រហូតដល់ម៉ោងប្រមាណ១០យប់ ខណៈដែលផឹកអស់ស្រាបៀរចំនួនមួយកេះ ក៏ស្រវឹងរៀងៗខ្លួនអស់ ។ បន្ទាប់មកកម្មករទាំងបួននាក់ខាងលើ ក៏បាននាំចាក់ចេញពីកន្លែងកើតហេតុទៅសម្រាកនៅផ្ទះរៀងៗខ្លួន នៅតែជនរងគ្រោះតែម្នាក់ដែលសំរាកនៅទីនោះ ។ លុះដល់វេលាកើតហេតុ កម្មករទាំងបួននាក់នោះក៏បាននាំគ្នាមកធ្វើការតាមធម្មតាវិញដូចសព្វដង ប៉ុន្តែមិនឃើញជនរងគ្រោះនោះទេ គឺឃើញតែស្បែកជើងមួយរបស់ជនរងគ្រោះប៉ុណ្ណោះ ។ ភ្លាមៗនោះពួកគាត់ក៏បាននាំគ្នាដើររក ស្រាប់តែប្រទះឃើញសពបុរសរងគ្រោះបានដេកស្លាប់ផ្កាប់មុខនៅខាងក្រោមជាន់ផ្ទាល់ដីចំហៀងខាងកើតអាគារបាត់ទៅហើយ ។ រួចក៏នាំគ្នាឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង ។
ក្រោយពេលកើតហេតុសពបុរសរងគ្រោះ ក៏ត្រូវសមត្ថកិច្ចជំនាញនិងគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានចុះមកធ្វើការត្រួតពិនិត្យនិងកោសល្យវិច័យឃើញថា ពិតជាធ្លាក់ពីជាន់ទី៣ស្លាប់ពិតប្រាកដមែន ៕ ចាន់លីហ្សា