ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាកម្មករ​សំណង់ម្នាក់​ផឹក​ស្រា​ស្រវឹងធ្លាក់ពី​លើ​ការដ្ឋាន​សំណង់​ជាន់ទី​៣​ស្លាប់​គ្មាន​អ្នកដឹង

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ធ្លាក់​ពី​លើ​ការដ្ឋាន​សំណង់​ជាន់ទី​៣ ស្លាប់​យ៉ាង​អាណោចអាធ័ម​ បន្ទាប់​ពី​ផឹក​ស្រាបៀរ​ជាមួយ​និង​ក្រុមការងារ​អស់​មួយកេះ​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលាម៉ោង​៨ព្រឹក​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៩ ​ត្រង់ចំណុច​អគារ​បន្ទប់​ជួល​មួយ​កន្លែង​ តាម​បណ្ដោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​ទ្រុងមាន់​ សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះ​មាន​ឈ្មោះ​ ឆួយ​ ធី​ ភេទប្រុស​ អាយុ​៣៩ឆ្នាំ​ ជាកម្មករ​សំណង់​ ស្នាក់នៅ​កន្លែង​កើត​ហេតុ​មាន​ស្រុកកំណើត​នៅភូមិ​ព្រែក​ក្តី​ ឃុំគគី​ ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយរៀង​ ។

បើតាមប្រភព​ពី​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​រាប់​រៀប​ប្រាប់​ឲ្យ​ដឹង​ថា​ ​ទី​តាំង​កន្លែង​ហេតុ​ដែល​ជា​អាគារ​បន្ទប់​ជួល​២ជាន់​ ហើយគ្រោងនិង​កំពុង​សងបន្ថែមបន្ទប់មួយជាន់​ទៀត​នៅ​ជាន់ទី​៣​ ។ ​ រីឯជន​រងគ្រោះ​ខាងលើ​ បាន​មក​ស្នាក់​នៅ​និង​ធ្វើការ​នៅ​ទីតាំង​កន្លែងកើត​ហេតុប្រមាណ​មួយខែ​មកហើយ​ ហើយ​ជា​រៀងរាល់ថ្ងៃ​ជនរងគ្រោះ​តែងតែ​ផឹកស្រា​កន្លះ​លីត្រ​ទៅ​មួយ​លីត្រ​ មុន​ និង​ក្រោយ​ពេលធ្វើការ​​ជា​ប្រចាំ ។

ប្រភព​ដដែល​បន្ត​ថា ​​កាលពី​ល្ងាចថ្ងៃទី​៣០​ ខែវិច្ឆិកា ​នៅមុនពេល​កើត​ហេតុ​ បន្ទាប់​ពី​បញ្ចប់​ការ​ងារ​ជនរងគ្រោះ​ និង​កម្មករ​ចំនួន​បួន​​នាក់​ទៀត​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ទីតាំង​កើតហេតុយ៉ាងសប្បាយ​រីករាយ​​​ ។ រហូត​ដល់​ម៉ោង​ប្រមាណ​១០យប់​ ខណៈ​ដែល​ផឹកអស់ស្រាបៀរចំនួន​មួយកេះ​ ក៏ស្រវឹង​រៀងៗខ្លួន​អស់ ។ ​ បន្ទាប់មកកម្មករ​ទាំង​បួន​នាក់​ខាងលើ​ ក៏បាននាំ​ចាក់ចេញ​ពី​កន្លែងកើត​ហេតុ​ទៅ​សម្រាក​នៅ​ផ្ទះ​រៀងៗ​ខ្លួន​ នៅ​តែ​ជនរងគ្រោះ​តែ​ម្នាក់​ដែល​សំរាក​នៅ​ទី​នោះ ។ លុះ​ដល់​វេលា​កើតហេតុ​ កម្មករ​ទាំង​បួន​នាក់​នោះ​ក៏​បាន​នាំគ្នា​មក​ធ្វើការ​តាម​ធម្មតា​វិញ​ដូច​សព្វដង​ ប៉ុន្តែ​មិន​ឃើញ​ជនរងគ្រោះ​នោះទេ​ គឺ​ឃើញ​តែ​ស្បែក​ជើង​មួយ​របស់​ជនរងគ្រោះ​ប៉ុណ្ណោះ​ ។ ភ្លាមៗ​នោះពួកគាត់ក៏​បាន​នាំ​គ្នា​ដើរ​រក​ ស្រាប់​តែ​ប្រទះ​ឃើញ​សពបុរស​រងគ្រោះ​បាន​ដេកស្លាប់​ផ្កាប់មុខ​នៅ​ខាងក្រោមជាន់​ផ្ទាល់​ដី​ចំហៀង​ខាង​កើត​អាគារ​​បាត់​ទៅ​ហើយ​ ។ រួច​ក៏នាំ​គ្នា​ឆោឡោ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ​តែម្ដង​ ។

ក្រោយ​ពេលកើតហេតុ​សពបុរសរងគ្រោះ​ ក៏ត្រូវ​​​សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​បាន​ចុះមក​ធ្វើការ​ត្រួត​ពិនិត្យនិង​កោសល្យវិច័យ​ឃើញ​ថា​ ពិត​ជា​ធ្លាក់​ពីជាន់ទី​៣ស្លាប់​ពិត​ប្រាកដ​មែន​ ៕ ចាន់លីហ្សា


ចែករំលែក៖