ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ទ្ទដៃបានសម្រេច ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានក្រុមជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ខណៈកំពុងតែជិះកង់ហាត់ប្រាណ តែត្រូវជនរងគ្រោះធាក់ម៉ូតូជនសង្ស័យបណ្តាលឲ្យដួលរួចចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ១៨៤ នៅចំណុចស្តុបវិទ្យាល័យព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យទីមួយមានឈ្មោះសុង សំណាង ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (ជាអ្នកធ្វើសកម្មភាពឆក់) ទី២មានឈ្មោះ សុខ ទី ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ) ។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ជា ងួនស័កិ្ខ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីនគរបាល និងស្នាក់នៅផ្ទះលេខ192Eo ផ្លូវ២០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បាន ឱ្យដឹងថា មុនពេលកើត គាត់បានជិះកង់ចេញមកពីផ្ទះនៅឯក្រុងតាខ្មៅបំណងហាត់ប្រាណធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងខណពលមកដល់ចំណុចកើតហេតុ កែងផ្លូវលេខ១៨៤ ក្បែរនឹងរបងសាលាវិទ្យាល័យព្រះសុីសុវត្ថិ គាត់ឈប់ស្តុប

រួចហើយក៏ដកទូរស័ព្ទដៃ ម៉ាក iPhoneXMax មកចុចបានមួយសន្ទុះក្រោយមក ក៏មានជនសង្ស័យវ័យក្មេង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសេ ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HQ-8567 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង រួចជិះមកជិតជនរងគ្រោះ ហើយឆ្លៀតឱកាសធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីគាត់បានសម្រេច ហើយត្រូវបានជនរងគ្រោះទាញទៅ ទាញមក ក៏ធ្វើ ឱ្យដួលម៉ូតូជនសង្ស័យ រួចហើយពេលភ្លាមៗនោះដែរ បានប្រជាពលរដ្ឋនាំគ្នាវាយមួយដៃ វាយមួយជើងបណ្តាល ឱ្យរងរបួសយ៉ាងដំណំ រួចប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ័យជំនះ ។

ក្រោយមកក៏ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ពិតមែនហើយក៏ទើបជាលើកទីមួយផងដែរ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ័យជំនះដើម្បីអោយសមត្ថកិច្ចធ្វើការទៅតាមច្បាប់៕ ធឿនព្រែកជ័យ

 


ចែករំលែក៖