ខេត្តបន្ទាយមានជ័យ៖ យុវជន ប្រុស-ស្រី កំពុងស្តារនីតិសម្បទាបន្សាបថ្នាំញៀន ក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណជាង១៥០នាក់ ក្នុងចំណោមជិត៨០០នាក់ មានអការៈក្អួតចង្អោរ សង្ស័យថាពុលផ្លែត្រសក់ខ្ចី កាលពីរសៀលម៉ោង២ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ។
តាមប្រភពព័ត៌មានបឋមពីមណ្ឌលជីវិតថ្មីភ្នំបាក់ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានម៉ូយបន្លែ ដែលតែងទិញបន្លែយកមកស្លរហូប គាត់បានឲ្យផ្លែត្រសក់បន្ថែមប្រមាណជា៣-៤ថង់(ព្រីឲ្យ) ក្រៅពីទិញបន្លែសម្រាប់ ។
ត្រសក់នោះទុកដាក់ខាងក្រៅ ពេលនោះមានក្រុមយុជនកំពុងស្តារនីតិសម្បទាបន្សាបគ្រឿងញៀន បាននាំគ្នាយកមកហូបជ្រលក់ជាមួយអំបិលបុកម្ចេស ខ្លះបានលាងទឹក ខ្លះក៏អត់ ។ ក្រោយពីហូបរួច នៅយប់នោះ មានអ្នករាគ ក្អួតចង្អោរ ហើយចាប់ផ្តើម ខ្លាំង នៅរសៀលម៉ោង២ ថ្ងៃ០១ខែធ្នូ ឆ្នាំ២០១៩ ហើយក៏មានរថយន្តរបស់មណ្ឌល ក្នុងនោះលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងនគរបាល នាំយករថយន្តរបស់ស្នងការដ្ឋាន ជួយដឹកនាំជញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំនួន៧៣នាក់ ក្នុងនោះស្រីមាន១៣នាក់ និងស្លាប់១នាក់ប្រុស ។
លុះដល់ម៉ោងប្រមាណជា៤រសៀល ថ្ងៃទី១ ខែធ្នូ ក៏មានយុវជនប្រមាណជាង៩០នាក់ផ្សេងទៀត បានក្អួតចង្អោរ ហើយត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរ ពេទ្យបង្អែកក្រុងសិរីសោភ័ណ ដែលពេលនេះ គឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៨១នាក់ ដោយមានអ្នកចេញត្រឡប់ទៅវិញខ្លះ ។ បើសរុបមន្ទីរពេទ្យទាំង២ យុវជនបន្សាបគ្រឿងទាំង២ភេទ សរុបចំនួន១៥៤នាក់ ក្នុងនោះបានបាត់បង់ជីវិតម្នាក់ ហើយគ្រូពេទ្យកំពុងព្យបាលនៅក្នុងមណ្ឌលមួយចំនួនទៀត ។
តាមប្រភពព័ត៌មាន គឺពេលនេះ ក្រុមគ្រួពេទ្យបង្អែកក្រុងសិរីសោភ័ណ បានចុះទៅពិនិត្យនិងព្យាបាលជម្ងឺផ្ទាល់នៅក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់តែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៕ វណ្ណា