ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសពីរនាក់ បើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកធុងទឹកកក ក្បែរចិញ្ចើមថ្នល់ស្លាប់ទាំង២នាក់ នៅស្រុកស្វាយចេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ១៩ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតអាយុប្រហែល ៦ឆ្នាំ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវលំក្នុងភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាល ប៉ុស្តិ៍សារង្គ បានឲ្យដឹងថា៖មុនពេលកើតហេតុ មានឈ្មោះ តែ សៀន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ បើកបរម៉ូតូម៉ាក R15 ពណ៌លឿង លាយខ្មៅ សេរី២០១៨ គ្មានស្លាកលេខ បានបើកបរ លើផ្លូវក្នុងភូមិ ទិសដៅពីជើងទៅត្បូង ដោយមានល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ ចំណុចមុខផ្ទះឈ្មោះ ឡាប ផាត ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក បានជ្រុលចង្កូតទៅធុងទឹកកក នៅមុខផ្ទះ ហើយម៉ូតូបានជ្រុលទៅបុកក្មេងប្រុសម្នាក់ ដែលឈរនៅជាប់ធុងទឹកកករងរបួសធ្ងន់ ។ ហេតុការណ៍បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ តែ សៀន បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកក្មេងប្រុស រងរបួសធ្ងន់ ត្រូវបានឪពុកម្តាយ នាំយក ទៅសង្រ្គោះក៏បានដាច់ខ្សល់ស្លាប់តាមផ្លូវ ។

នគរបាលមូលដ្ឋាន បានបន្តថា៖ មូលហេតុបង្កឲ្យគ្រោះថ្នាក់ដោយសារអ្នកបើកបរម៉ូតូបើកលឿន មិនមានការប្រុងប្រយ័ត្ន ទើបបង្កឲ្យគ្រោះថ្នាក់ខ្លួនឯង និងអ្នកដទៃ ។ សពអ្នកបើកបរនិងក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងបុណ្យតាមប្រពៃណី ។ ម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក រង់ចាំដោះស្រាយនៅពេលក្រោយ ៕ វណ្ណា


ចែករំលែក៖