ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានីស្នើឲ្យ អ្នកវិនិយោគ ឡាវធ្វើការវិនិយោគបន្ថែមលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍នៅប្រទេសកកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានស្នើឲ្យអ្នកវិនិយោគឡាវវិនិយោគបន្ថែមលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍នៅប្រទេសកម្ពុជាដើម្បីឲ្យប្រទេសទាំង២មានការអភិវឌ្ឍរីកចំរើនដូចគ្នាខណៈដែលប្រទេសទាំង២មានវប្បធម៌ប្រពៃណីទំនៀមទំលាប់ស្រដែងគ្នា និងមានភូមិផងរបងជាមួយគ្នាផងដែរនោះ ។

លោក ឃួង ស្រេង បានស្នើបែបនេះខណៈជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោកបណ្ឌិត ស៊ីនឡាវង់ បូតដៃធូ Sinlavong Khoutphaythoune អភិបាលរដ្ឋធានីវៀងចន្ទន៍នៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺចង់ឲ្យមានសន្តិភាពនៅតាមព្រំដែនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អមានសម្ព័ន្ធមេត្រីភាពជាមួយគ្នារវាងខេត្ត និងខេត្តទីក្រុង និងទីក្រុង ។ ក្នុងនាមប្រទេសដែលមានវប្បធម៌ប្រពៃណីទំនៀមទំលាប់ស្រដែងគ្នា និងមានភូមិផងរបងជាមួយគ្នាផងដែរនោះលោកចង់ឲ្យប្រទេសទីពីរមានការអភិវឌ្ឍរីកចំរើនដូចគ្នាទាំងវិស័យពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍ ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថាប្រទេសកម្ពុជាដោយសារសង្គ្រាមធ្វើឲ្យប្រទេសធ្លាក់ដល់ចំណុចសូន្យ ។ ប៉ុន្តែដល់ពេលនេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺបានធ្វើឲ្យប្រទេសទាំងមូលមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លា ។ ប៉ុន្តែទន្ទឹមនឹងនេះយើងក៏មានបញ្ហាប្រឈមផងដែរពិសេសនៅក្នុងរាជធានីភ្នំពេញមានបញ្ហាប្រឈមទៅលើបញ្ហាកកស្ទះចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងយកចិត្តទុកដាក់ធ្វើការដោះស្រាយដោយបានធ្វើការអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីច្បាប់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ និងជម្រុញឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ។ ចំណែកបញ្ហាសន្តិសុខបញ្ហាគ្រឿងញៀនការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ជាការងារដែលរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងយកចិត្តទុកដាក់ផងដែរដោយធ្វើយ៉ាងណាបំរើសាវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើររក្សាឲ្យបាននូវបញ្ហាសន្តិសុខទប់ស្កាត់ឲ្យបាននូវបញ្ហាគ្រឿងញៀនដែលជាបញ្ហាមួយប៉ះពាល់ធ្ងន់ធ្ងរដល់ស្រទាប់យុវជនដែលជាសរសរទ្រូងប្រទេសជាតិ ។

លោកបណ្ឌិត ស៊ីនឡាវង់ បូតដៃធូ បានមានប្រសាសន៍លើកឡើងផងដែរថាការដែលលោកអញ្ជើញមករាជធានីភ្នំពេញនេះគឺមានបំណងពីរទីមួយគឺចូលរួមក្នុងកិច្ចប្រជុំសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ ។ ទី២មានគោលបំណងមកជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដើម្បីរិតចំណងមិត្តភាពសហប្រតិបត្តិការពិសេសការចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងវៀងច័ន្ទន៍ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ។

លោកក៏បានបញ្ជាក់ផងដែរថារាជធានីភ្នំពេញពិតជាមានការអភិវឌ្ឍន៍រីកចំរើនគួរឲ្យកោតសរសើរលោកថា១០ឆ្នាំមុន និង១០ឆ្នាំចុងក្រោយនេះពិតជាខុសប្លែកគ្នាខ្លាំងពោលគឺពេលនេះរាជធានីភ្នំពេញមានអាគារខ្ពស់ៗមានអ្មកវិនិយោគទុនច្រើនប្រជាពលរដ្ឋមើលទៅមានជីវភាពធូរធារជាងមុនខ្លាំង ។ ទន្ទឹមនឹងការរីកចម្រើននេះលោកអភិបាលទីក្រុងវៀងចន្ទន៍ក៏បានសុំឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងទីក្រុងភ្នំពេញ និងទីក្រុងវៀងចន្ទន៍ឲ្យបានច្រើនដោយផ្ដោតលើការវិនិយោគទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ដើម្បីធ្វើយ៉ាងណាជំរុញឲ្យទីក្រុងទាំងពីរមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាដូចគ្នា ។ បន្ថែមពីលើនេះទៀតអភិបាលទីក្រុងវៀងច័ន្ទក៏បានស្នើឲ្យប្រតិភូរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅទីក្រុងវៀងចន្ទន៍នាពេលឆាប់ៗនេះ ។

ជុំវិញការស្នើសុំនេះអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក៏បានឯកភាពដោយថានឹងធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងរៀងចន្ទន៍នៅក្នុងអំឡុងពេលមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕ សំរិត


ចែករំលែក៖