ខេត្តកណ្ដាល៖ យុវជនម្នាក់រងរបួសដាច់កជើងខាងស្ដាំម្ខាងគួរឲ្យរន្ធត់ ខណៈបើកម៉ូតូ មានរថយន្ដមួយគ្រឿងបើកឆ្លងផ្លូវ ធ្វើឲ្យម៉ូតូជនរងគ្រោះឈប់មិនទាន់បានបុករថយន្ដពេញមួយទំហឹង នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ចំណុចច្រកចូលផ្ទះសំណាក់អង្គរជ័យ លើកំណាត់ផ្លូវជាតិលេខ២ កែងផ្លូវ៧មករា ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពៅ ពិសី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ (រងរបួសដាច់ករជើងខាងស្ដាំ)ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-9330 មានអ្នករួមដំណើរម្នាក់ឈ្មោះ អាន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ (រងរបួសស្រាល) ។ ចំណែករថយន្ដបង្កម៉ាក CAMRY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z-0739 បើករដោយជនមិនពុំស្គាល់អត្ដសញ្ញាណអត្តសញ្ញាណ(គេចខ្លួន) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងឆ្លងផ្លូវ ខណៈមានម៉ូតូមួយគ្រឿងបើកល្បឿនលឿនឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ ក៏បុករថយន្ដពេញមួយទំហឹង បណ្ដាលឲ្យយុវជនជាអ្នកបើកបរម៉ូតូរងរបួសដាច់ជើងខាងស្ដាំម្ខាងគួរឲ្យរន្ធត់ រីឯម្នាក់ទៀតជាអ្នករួមដំណើររងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ដោយឡែករថយន្ដនិងម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅ ចុះពិនិត្យវាស់វែង រួចកសាងឯកសារដកហួតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើករថយន្ត បើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រីឯម៉ូតូបើកជែងខ្វះការប្រុងប្រយ័ត្ន ទើបបានជាមានគ្រោះថ្នាក់បែបនេះ ៕ ស្អាងជ័យ