ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិតួកគីម្នាក់ គ្មានលទ្ធភាពបន្តបង់ថ្លៃទិដ្ឋាការស្នាក់នៅ សុំឲ្យសមត្ថកិច្ចជួយបញ្ជូនទៅប្រទេសដើមវិញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសជនជាតិតួកគីម្នាក់ យកមកសួរនាំ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណង សុំឲ្យសមត្ថកិច្ចជួយបញ្ជូនទៅប្រទេសដើមវិញ ព្រោះរូបគាត់ស្នាក់នៅលើសទិដ្ឋាការ និងគ្មានលទ្ធភាពបន្តថ្លៃទិដ្ឋាការស្នាក់នៅ ។

មន្រ្តីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ បានឲ្យដឹងថា មានជនបរទេសម្នាក់ ឈ្មោះ ALTINBAS EMIN ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិតួកគី កាន់លិខិតឆ្លងដែនលេខ U20599829 បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍បញ្ជូនគាត់ទៅប្រទេសដើមវិញ ។

មន្រ្តីដដែលបន្តថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០២លើក លើកចុងក្រោយនៅថ្ងៃទី២៩.១០.២០១៩ (លិខិតឆ្លងដែនផុតទិដ្ឋាការស្នាក់នៅថ្ងៃទី២៩.១១.២០១៩) តាមច្រកអន្តរជាតិប៉ោយប៉ែត គោលបំណងទេសចរ នៅថ្ងៃទី២០.១១.២០១៩ រូបគាត់បានត្រឡប់ទៅប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ប៉ុន្តែដោយរូបគាត់ពុំមានប្រាក់ ខាងប្រទេសថៃមិនឲ្យចូល ហើយរូបគាត់ក៏ត្រឡប់ចូលមកប្រទេសកម្ពុជាវិញដោយពុំបានប្រថាប់ចូល ។

បច្ចុប្បន្ន ស្នាក់នៅអនាថាតាមទីសាធារណៈ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធី ៕ ស រស្មី


ចែករំលែក៖