ព័ត៌មានទាន់ហេតុការណ៍៖

កម្មករចៀរជ័រកៅស៊ូម្នាក់ បង្កអំពើហិង្សា យកពន្លាកចៀរជ័រ ចាក់ជនរងគ្រោះ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋានស្រុកបរកែវឃាត់ខ្លួនពីបទករណីហិង្សាមានស្ថានទម្ងន់ (ចាក់ និងពន្លាកចៀរជ័រកៅស៊ូ) ទៅលើជនរងគ្រោះគូទំនាស់រងគ្រោះធ្ងន់ធ្ងរ ។

ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានទំនាស់ និងអំពើហិង្សានោះកើតឡើងនាវេលាម៉ោង១៥និង៤៦នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។

ប្រភពពសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលប្រើហិង្សា និងឃាត់ខ្លួនបានឈ្មោះ ភួន ស៊ុយ ភេទប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករចៀរ ជ័រកៅស៊ូ ។

ឯជនរងគ្រោះឈ្មោះ រស់ សុផល​ (ហៅហើម) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរជាកម្មករចៀរជ័រកៅស៊ូដូចគ្នា ។ រងរបួសខ្នងខាងឆ្វេង និងភ្លៅខាងឆ្វេងយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗដែរនៅមន្ទីរពេទ្យបង្អែកខេត្ត ។

អ្នកទាំងពីររស់នៅភូមិឃុំកន្លែងកើតហេតុខាងលើគឺផ្តើមឡើងពីការមានទំនាស់ពាក្យសំដី និងគ្នាពីរឿងផឹកសុីទើបបណ្ដាលឲ្យកើតជាអំពើហិង្សានោះឡើងតែម្តង ។

ក្នុងពេលចុះឃាត់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ចបានដកហូតពន្លាកចៀរជ័រកៅស៊ូចំនួនមួយទៀតផង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន៍នៅអធិការដ្ឋានស្រុកបរកែវ ដើម្បីបំពេញបែបបទបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី ៕​ ជីវ័ន្ត


ចែករំលែក៖