ភ្នំពេញ៖ រថយន្តទ្រុងដឹកឥវ៉ាន់១គ្រឿងបើកបរក្នុងល្បឿនលឿនបានរេចង្កូតជ្រុលទៅបុករះរថយន្ត៤គ្រឿងទៀត ជាបន្តបន្ទាប់បណ្ដាលឲ្យរងការខូចខាតរួមជាមួយម៉ូតូកង់បី១គ្រឿង ក្រឡាប់បះជើង ប៉ុន្តែពុំបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ ត្រង់ចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកហុីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ3D-6267 រងការខូចខាតក្រពឹតមុខ ហើយបើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ។ ចំណែករថយន្តដែលរងការខូចខាតដោយសាររថយន្តនេះ បើកបុកនោះរួមមានទី១,រថយន្តម៉ាកព្រុសពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8672 បានរងការខូចខាតទាំងមុខទាំងក្រោយ ។ ទី២,រថយន្តម៉ាកឡិចសុីNX-200Tពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-6776 រងការខូចខាតផ្នែកខាងក្រោយ ទី៣,រថយន្តម៉ាកតាកូម៉ាពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2R-0819 រងការខូចខាតខ្ទេចមុខ និងចំហៀងខ្លួនខាងស្ដាំ ។ ទី៤,រថយន្តសាំយ៉ុងពណ៍លឿងពាក់ស្លាកលេខ កំពង់ចាម 2A-8297 ទី៥,ម៉ូតូកងបីពណ៍សពាក់ស្លាកលេខ កណ្ដាល 1AB-9538 ក្រឡាប់ និងរងការខូចខាតយ៉ាងដំណំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទ្រុងដឹកឥវាន់បង្កហេតុខាងលើបើកបរធ្វើដំណើរក្នុុង ទិសដៅពីកើតទៅលិចលុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបុករថយន្តព្រុសពីក្រោយពេញទំហឹងរុញផ្ទប់បង្គោលស្លាកប៉ាណូ១ដើមបណ្ដាលឲ្យខ្ទេចទាំងមុខទាំងក្រោយ ។ បន្ទាប់មករថយន្តទ្រុងបានបើករត់ហើយបានជ្រុលទៅកៀររថយន្តឡិចសុិសNX200T រងការខូចខាតកាងក្រោយ រួចហើយបានជ្រុលបន្តទៅបុករថយន្តតាកូម៉ាបណ្ដាលឲ្យខ្ទេចមុខ និងចំហៀងខ្លួន ។ ខណៈនោះរថយន្តបង្កមិនព្រមឈប់ទៀត និងបានបន្តទៅបុកម៉ូតូកង់បី១គ្រឿងបណ្ដាលឲ្យក្រឡាប់ រួចជ្រុលទៅបុកពីក្រោយរថយន្តសាំយ៉ុងមួយតង់ទៀតទើបឈប់ស្ងៀម ។ ក្រោយមកអ្នកបើកបរត្រូវបាននគរបាលចាប់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ចំណែករថយន្តទាំង៥គ្រឿង និងម៉ូតូកង់បីត្រូវបាននគរបាលជំនាញចុះធ្វេីការវាស់វែងនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ