ភ្នំពេញ៖ តារាសម្តែងប្រុសសាច់ដុំធំ សន ពិសិដ្ឋ បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តជាតិលើកទី៦ ក្រោយពីតារារូបនេះទទួលបានពានកិត្តិយសតួសម្តែងបុរស។ មុនពេលទទួលបានភាពលេចធ្លោរនេះតារារូបនេះទម្លាយថាលោកធ្លាប់ឆ្លងកាត់ការតស៊ូជាច្រើនលើវិថីសិល្បៈមួយនេះ។
លោក សន ពិសិដ្ឋ ជាតួឯកប្រុសក្នុងរឿង “នាឡិកាដាស់វិញ្ញាណ” ទទួលបានពានក្នុងនាមជាតារាសម្ដែងប្រុសឆ្នើមត្រឹមមួយប៉ប្រិចភ្នែក។ នៅមានស្នាដៃថ្មីចាស់ជាច្រើនដែលតារាប្រុសវ័យជាង៣០ឆ្នាំរូបនេះកំពុងក្តាប់បាន ប៉ុន្តែលទ្ធផលនេះមិនមែនទទួលបានមកដោយចៃដន្យនោះទេ។ តារាសម្តែង ជំនាន់ក្រោយម្នាក់នេះហក់មកកាន់តំណែងធំៗក្នុងខ្សែភាពយន្តបន្តបន្ទាប់គិតត្រឹមរយៈប្រមាណ២ខែចុងក្រោយ ប៉ុន្តែមុនមកដល់ចំណុចនេះ លោកត្រឹមជាបុគ្គលិកតូចតាចក្នុងក្រុមហ៊ុនឯកជនមួយប៉ុណ្ណោះ។
លោក សន ពិសិដ្ឋ បញ្ជាក់ថាលោកបានចូលសិល្បៈកាលពីឆ្នាំ ២០១៦ តាមរយៈការចូលរួមសម្ដែងក្នុងខ្សែភាពយន្តភាគដែលទូរទស្សន៍ក្នុងស្រុកមួយ។ តារាសម្តែងមានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺដែលមានជីវភាពលំបាករូបនេះលើកឡើងថា ចាប់ផ្ដើមថ្មីថ្មោង មិនសូវមានគេស្គាល់ មានការងារតិចតួម ព្រមទាំងខ្វះបទពិសោធន៍ ពិសិដ្ឋ ប្រាប់ថា កាលនោះ លោកបានថតត្រឹមតួ រាយរងប៉ុណ្ណោះ។ មុនពេលប្រឡូកសិល្បៈ មកភ្នំពេញដំបូងលោកគឺជាបុគ្គលិកលក់តូចតាច រួមទាំងធ្លាប់ធ្វើការងារនៅក្នុងរោងចក្រផងដែររួមទាំងកិច្ចការងារតូចៗជាច្រើនដែលសុច្ចរិតហើយអាចរកប្រាក់កម្រៃបានទោះតិចតួចក៏ដោយ។
លោកលើកឡើងថាជា បន្តបន្ទាប់ លោកក៏បានគេស្គាល់បន្តិចម្ដងៗ និងបានចូលរួមសម្ដែងក្នុងខ្សែភាពយន្តជាច្រើន ដោយបច្ចុប្បន្នលោកបានចោលការងារឯកជនពីមុនទាំងស្រុង។
ក្នុងភាពយន្តទាំងនោះមានដូចជា រឿង “ចៅធុង ចៅសាញ់” “នេះឬជីវិត” “មិត្តឬស្យា” “សម្បថ” “នាឡិកា” និង” អាគមស្បែកដាច”ជាដើម។ កាន់តែគួរឲ្យចាប់អារម្មណ៍ តារាប្រុសសម្បុរស្រអែមរូបនេះ ក៏កញ្ឆក់បានតំណែងតួឯកក្នុងខ្សែភាពយន្តខ្នាតធំមួយទៀតរឿង “នាឡិកាដាស់វិញ្ញាណ” របស់ផលិតកម្ម LD Picture។ ក្រៅពីគ្រោងនឹងយកទៅចាក់បញ្ចាំងនៅទីផ្សារអន្តរជាតិចំនួន ៦ប្រទេសទៀត គឺប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និងប្រុយណេ ភាពយន្តនេះក៏រុញច្រានឲ្យលោកទទួលបានឱកាសកាន់ពានកិត្តិយសពីមហោស្រពភាពយន្តជាតិលើកទី៦នេះផងដែរ។ លោកថានេះគឺជាមោទភាពដែលលោកទទួលបានក្រោយពីការខិតខំតស៊ូច្រើនក្នុងជីវិត៕ វឌ្ឍនា